
ភ្នំពេញៈ សត្វត្មាតភ្លើង ដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន៣សម្បុក ត្រូវបានក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថានអង្គការ WCS និងសហគមន៍ រកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប ខណៈសត្វត្មាតភ្លើងតិចជាង៥០ក្បាលប៉ុណ្ណោះមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយការរកឃើញសម្បុកនេះ គឺជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីអភិរក្សប្រភេទ សត្វនេះកុំឲ្យបាត់បង់នៅពេលខាងមុខដ៏ខ្លី។
ចំនួនសត្វត្មាតនៅលើសកលលោក មានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ សត្វត្មាតនៅកម្ពុជាមានចំនួន៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ សត្វត្មាតទាំង៣ប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតលើសកលលោក។
នៅកម្ពុជា សត្វត្មាតទាំង៣ប្រភេទនេះមានចំនួន ២០០-៣០០ក្បាលប៉ុណ្ណោះ ដែលជាចំនួនច្រើនជាងគេបង្អស់នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃកម្មវិធីការពារសម្បុកសត្វស្លាប អង្គការ WCS បានជួលសមាជិកសហគមន៍ចំនួន៦នាក់ ឲ្យការពារសម្បុកសត្វត្មាតទាំង៣នេះ។ ពួកគាត់ទទួលបានប្រាក់កម្រៃពីការងារនេះ រហូតដល់ពងសត្វត្មាតញាស់ ហើយកូនអាចហើរចេញពីសម្បុក ជំនួសឲ្យការប្រមូលយកពងកូនសត្វស្លាប ទៅលក់។
លោក ស៊ឹង សាំង អ្នកយាមសម្បុកត្មាតភ្លើង បាននិយាយថា “ខ្ញុំពេញចិត្ត នឹងការងារយាមសម្បុកសត្វត្មាតនេះណាស់ ពីព្រោះវាជួយឲ្យខ្ញុំអាចរកប្រាក់ ចំណូល ដើម្បីជួយគ្រួសារ និងអាចថែរក្សាសត្វត្មាត ដែលកាន់តែកម្រ នាពេលបច្ចុប្បន្ន ខ្ញុំបានចំណាយពេលយាមសម្បុកវាជាប្រចាំ ដើម្បីការពារពីហានិភ័យនានា និងប្តេជ្ញាចិត្តថែរក្សាពួកវាឲ្យបានសម្រាប់ក្មេងជំនាន់ក្រោយ”។
ការកើនឡើងនៃការបាត់បង់ព្រៃឈើ និងការផ្លាស់ប្តូរដីព្រៃតាមរយៈដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្កាដីព្រៃ បានជះឥទ្ធិពលដល់ការបាត់បង់ទីជម្រកពងកូន និងកាត់បន្ថយប្រភេទសត្វជាចំណីរបស់ហ្វូង ត្មាតផងដែរ។ សត្វត្មាតយ៉ាងតិចចំនួន៣០ក្បាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេសម្លាប់នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំពុលដាក់តាមត្រពាំងក្នុងព្រៃ ដើម្បីចាប់សត្វស្លាប និងថនិកសត្វ មាឌតូច។ បញ្ហានេះបង្កធ្ងន់ធ្ងរដល់ចំនួន សត្វត្មាតនៅកម្ពុជា។
លោក តាន់ សុផាន់ មន្ត្រីសម្របសម្រួលគម្រោងអភិរក្សសត្វត្មាត របស់អង្គការWCS ប្រចាំដែនជម្រកសត្វព្រៃឆែប បានលើកឡើងថា ត្មាតភ្លើង គឺជាប្រភេទដ៏កម្របំផុតនៅកម្ពុជា ហើយចំនួនរបស់ពួកវាមាន តិចតួចណាស់នាពេលបច្ចុប្បន្ននេះ និងប្រឈមខ្ពស់នឹងការផុតពូជនៅ ពេលខាងមុខដ៏ខ្លី។ ក្រៅពីកម្មវិធីការពារសម្បុក យើងក៏បានរៀបចំជាអាហារដ្ឋានត្មាត ដើម្បីផ្តល់ចំណីឲ្យពួកវាជារៀងរាល់ខែ។
អាហារដ្ឋានត្មាត គឺជាទីកន្លែងត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណីបន្ថែម ដល់ហ្វូងសត្វត្មាតនៅកម្ពុជា។ អាហារដ្ឋាននេះ គឺជាកិច្ចសហការរួមគ្នា រវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ អភិរក្សជាច្រើន ហើយបានចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃតំបន់នេះសម្រាប់ការថែរក្សាតំបន់ការពារនេះ និងសុខភាពមនុស្ស។
លោក សុផាន់ បានបន្តថា “ភ្ញៀវទេសចរដែលមកកាន់អាហារដ្ឋានត្មាត រៀបចំដោយមជ្ឈមណ្ឌលសំ វាសនា សុទ្ធតែបានរួមចំណែកអភិរក្សហ្វូង សត្វត្មាតកុំឲ្យបាត់បង់ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាសហគមន៍”។
សកម្មភាពអភិរក្សសត្វត្មាតនៅដែនជម្រកសត្វព្រៃឆែបទទួលបានការគាំទ្រពី AFD, មជ្ឈមណ្ឌល សំ វាសនា និងសហភាពអឺរ៉ុប ។ នេះបើយោងតាមការចេញផ្សាយរបស់ WCS ៕


