
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News កាលពីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានឱ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមគ្រោងដំណើរការសាងសង់ព្រលានយន្តហោះបន្ថែមនៅកោះត្រល់ (Phu Quốc) ដើម្បីឆ្លើយតបទៅកំណើនភ្ញៀវទេសចរ និងដើម្បីជាមធ្យោបាយកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរទេសចរ។ គម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណជាជាង១៣០ លានដុល្លារ ហើយជាគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ Phu Quốc ដំណាក់ទីពីរហើយរបស់រដ្ឋាភិបាលវៀតណាម ។
អស់រយៈពេលជាង៥ឆ្នាំហើយ ដែលរដ្ឋាភិបាលវៀតណាមបានដាក់ដំណើរការព្រលានយន្តហោះនៅកោះដ៏ស្រស់ស្អាតមួយនេះ ដែលមានលទ្ធភាពទទួលភ្ញៀវបាន ២.៦ លាននាក់ក្នុងមួយឆ្នាំ ។ វាក៏ជាគោលនយោបាយមួយរបស់វៀតណាមក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឲ្យកាន់តែច្រើនផងដែរ។ជុំវិញគម្រោងពង្រីកព្រលានយន្តហោះនេះដែរ រដ្ឋាភិបាលវៀតណាមក៏បានរំពឹងដែរថានៅ២ឬ៣ឆ្នាំខាងមុខ កោះនេះនឹងអាចទទួលបានភ្ញៀវទេសចរយ៉ាងហោចណាស់ក៏៥លាននាក់ក្នុងមួយឆ្នាំ។
កោះត្រល់ ដែលវៀតណាមហៅថា Phu Quốc ជាកោះធម្មជាតិដែលមានសក្តានុពល ហើយរួមជាមួយការអភិវឌ្ឍ និងការកែលម្អរបស់រដ្ឋាភិបាលវៀតណាម បាននិងកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ទៅលេងកម្សាន្តនៅទីនោះ។
កាលពីឆ្នាំ២០១៧ កន្លងទៅ មានភ្ញៀវទេសចរ ៣ លាននាក់បានទៅដល់ព្រលានយន្តអន្តរជាតិ Phu Quốc International Airport ចំនួននេះបានកើនលើសការរំពឹងទុក រហូតដល់ ៤០ ម៉ឺននាក់ឯណោះ ។


