
ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកកម្ពុជា បានអះអាងថា ការមិនត្រូវគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី គ្មានចម្លែកសម្រាប់គណបក្សប្រជាជនកម្ពុជានោះទេ។
ការលើករបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីលោក កឹម សុខា មិនគំាទ្រ ការបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នៅក្រៅប្រទេស។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២២ មករា យ៉ាងដូច្នេះថា «កឹម សុខា និង សម រង្សី មិនត្រូវគ្នា មិនជារឿងចម្លែក។ តាំងពីដើមមក កឹម សុខា និង សម រង្សី មិនដែលត្រូវគ្នាទេ។ មួយដណ្តើមមួយធ្វើជាអ្នកប្រឆាំងផ្តាច់មុខមកគណបក្សប្រជាជនកម្ពុជា។ ដើម្បីដណ្តើមឧត្តមភាពលើគ្នា មួយហ៊ានលាបពណ៌មួយថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជាទៀតផង។ ប៉ុន្តែដើម្បីយកឈ្នះលើគណបក្សប្រជាជនកម្ពុជា អតីតមេបក្សទាំងពីរ ត្រូវចៅហ្វាយនាយក្រៅប្រទេសចាប់បង្ខំឲ្យចូលគ្នាបង្កើតជារបស់ហៅថា បក្សសង្គ្រោះជាតិ ទាំងមិនពេញចិត្តរៀងខ្លួន»។
លោកថា ករណីដែលអតីតមេបក្សប្រឆំាងធ្វើ គឺជាហេតុធ្វើ កឹម សុខា ត្រូវចាប់ខ្លួនពីបទល្មើសសន្និដ្ឋិភាពជាមួយបរទេសនាំឲ្យមានអំពើប្រទូសរ៉ាយដល់ប្រទេសជាតិ ស្រាប់តែ សម រង្ស៊ី ងាកមកបង្កើតរបស់ហៅថា ចលនាសាង្គ្រោះជាតិ ដែលធ្វើឲ្យមានប្រតិកម្មពីភាគី កឹម សុខា យ៉ាងខ្លាំងជាបន្តបន្ទាប់។
ដូច្នេះ បញ្ហាមិនត្រូវគ្នារវាងក្រុម កឹម សុខា និងក្រុម សម រង្សី ជារឿងធម្មតាទៅហើយ មិនមានអីចម្លែកទេ។ តែទោះជាយ៉ាងនេះក្តី ក៏ កឹម សុខា និង សម រង្ស៊ី មានគោលដៅប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដូចគ្នា ដែលចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាពប្រឆាំងរបស់ពួកគេទាំងពីរនេះ ជានិច្ចមិនឲ្យបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនរបស់ប្រទេសជាតិ បានជាដាច់ខាត៕
