Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ លោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក ត្រូវបានគេរាយការណ៍ថា បានវាយទៅលើពលរដ្ឋម្នាក់ បណ្តាលឲ្យបែកចិញ្ចើម បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងពិធីកាត់ចំណងដៃមួយកន្លែង នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជួបជាមួយអ្នកយកព័ត៌មាន លោក សិទ្ធិ រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិកំពង់ថ្កូវ ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានអះអាងថា ខ្លួនជាជនរងគ្រោះក្នុងហេតុការណ៍វាយតប់ខាងលើនេះ។ លោកថា ខ្លួនត្រូវបានលោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក រួមនិងកូនចៅព្រួតគ្នាចាប់ទះកំភ្លៀង និងប្រើអាយកូម វាយ បណ្តាលឲ្យបែកផ្នែកខាងលើ ដេរអស់៦ថ្នេរ នៅចំណុចផ្សារថ្មពួកចាស់ នៃស្រុកថ្មពួក កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ។

ជុំវិញការចោទប្រកាន់នេះ លោក អ៊ុក សុផាត អធិការដ្ឋាននគរបាលស្រុកថ្មពួក បានច្រានចោល ការចោទប្រកាន់នេះ។ ពាក់ព័ន្ធនឹងហេតុការណ៍ផ្អើលឆោឡោ នៅថ្ងៃកាត់ចំណងដៃ នៅចំណុចខាងលើនេះ លោកទទួលស្គាល់ថា ពិតជាមានមែន តែថ្ងៃនោះខណៈដែលលោកកំពុងទទួលទានអាហារក្នុងពិធី ក៏មានសាច់ញាតម្ចាស់ការមកប្រាប់ថា ឈ្មោះ សិទ្ធិ រ៉េត ផឹកស្រាស្រវឹងហើយដើររករឿងក្នុងរោងការ សុំឲ្យលោកជួយសម្របសម្រួល លោកក៏ដើរទៅប្រាប់ឈ្មោះ សិទ្ធិ រ៉េត ថា បើប្អូនផឹកស្រវឹងហើយទៅដេកទៅកុំបង្ករឿង តែឈ្មោះ សិទ្ធិ រ៉េត បែរជាមកដំឡើងសរសៃករដាក់លោកទៅវិញ លោកក៏ក្រវាសដៃចំឈ្មោះ សិទ្ធិ រ៉េត ១ដៃ តែវាមិនមែនជាការវាយ ឬទះនោះទេ ភ្លាមនោះ ក៏មានបងប្អូនដែលចូលរួមពិសារអាហារ នាំគ្នាចូលមកឃាត់តែម្តង ។

តែទោះជាមានការអះអាងយ៉ាងដូច្នេះ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរិះគន់ចំៗថា ពលរដ្ឋសង្ឃឹមលើសមត្ថកិច្ច ហើយបើសមត្ថកិច្ចធ្វើតែរបៀបនេះ តើឲ្យពលរដ្ឋសង្ឃឹមអ្នកណា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor