ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង (Li Keqiang) នឹងអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយ។
យោងតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា៖ ចូលឆ្នាំសកលថ្មី ២០១៨ គឺកម្ពុជាកំពុងតែបោះជំហានទៅមុខជាមួយនិងការីកចម្រើនដែលជាមោទនភាពរបស់ជាតិទាំងមូល។ ដោយសារស្ថិរភាពនយោបាយ និងលំនឹងនៃកំណើនសេដ្ឋកិច្ចជាតិ កម្ពុជាយើងបានទាក់ទាញ វិនិយោគទុនបរទេសជាច្រើន ជាពិសេសមកពីប្រទេសចិនជាមិត្ត។
នៅសប្តាហ៍ក្រោយនេះ យើងនឹងទទួលស្វាគមន៍ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង (Li Keqiang) ដែលនឹងអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ជាមួយគ្នានេះដែរ នឹងមានវិនិយោគគិនចិនជាច្រើនមករកឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសយើងផងដែរ។
សម្តេច និងលោកជំទាវ ក៏សូមអរគុណ និងសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អ។ ឆ្នាំថ្មី ២០១៨ គឺកម្ពុជានឹងបន្តរីកចម្រើនទៅមុខទាំងអស់គ្នាក្រោមដំបូលសន្តិភាព និងម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន វិនិយោគិនចិនជាប់ចំណាត់លេខ២ បន្ទាប់ពីវិនិយោគិនខ្មែរ ដាក់បានដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ចំណែកឯ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាអ្នកជំនួយធំជាងគេសម្រាប់កម្ពុជា។

