កាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំនៅប្រទេសថៃ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសយ៉ាងដាច់ណាត់សាជាថ្មី នៅចំពោះមុខសមាជិកនិងអ្នកគាំទ្រ ថាលោកនឹងមិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឬនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ នោះទេ ទោះបីអវត្តមានប្រធានរបស់ខ្លួនក៏ដោយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាធម្មតា។ ក្រោយប្រកាសបែបនេះរួចហើយ លោក ខឹម វាសនា ដែលប្រៀបធៀបខ្លួនឯងជា ក្ងោកមាស បានអះអាងថា លោកនឹងចាកចេញពីកម្ពុជា ទៅកាន់បរទេស ដើម្បីមានឱកាសផ្សព្វផ្សាយទស្សនៈរបស់លោកនៅជុំវិញពិភពលោក។
អតីតសមាជិកសភារបស់គណបក្ស សម រង្ស៊ី ថាដោយសារតែលោកហាក់ខ្សោះចិត្តនឹងប្រជាពលរដ្ឋកម្ពុជា ដែលលោកបានលះបង់កម្លាំងកាយចិត្ត អស់រយៈពេលជាង១0ឆ្នាំហើយ ដើម្បីពន្យល់ប្រជាពលរដ្ឋកម្ពុជាអំពើនយោបាយ ព្រះធម៌ មេរៀនជីវិត រួមទាំងទស្សនៈផ្សេងៗ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាភាគច្រើន នៅតែមិនយល់ពីគំនិតនិងបំណងរបស់គាត់ ហើយផ្ទុយទៅវិញ លោកបែរជាទទួលបានត្រឹមការសើចចំអក និងការរិះគន់។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន២លើកហើយ ប៉ុន្តែ គណបក្សនេះពុំធ្លាប់បានទទួលអាសនៈក្នុងរដ្ឋសភានោះទេ។ គណបក្ស LDP បានបដិសេធក្នុងការទទួលយកអាសនៈរដ្ឋសភាពចំនួន៦ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបែងចែកឲ្យ។

