Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ សន្និបាតបិទទ្វាររបស់គណបក្សប្រជាជនកម្ពុជា​ ត្រូវបានគេទម្លាយ​ថា អភិបាលខេត្តត្បូងឃ្មុំ ក្នុងនាមជាសមាជិកបក្ស ត្រូវប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ស្តីបន្តោសឲ្យធ្ងន់ៗ និងព្រមានដកចេញពីតំណែងទៀតផង ប្រសិនបើមិនបង្រ្កាបបទល្មើសព្រៃឈើឆ្លងកាត់ទៅប្រទេសវៀតណាម។

យោងតាមប្រភពព័ត៌មាន បានទម្លាយថា​ កាលពីថ្ងៃទី២១ ខែមករាកន្លងទៅថ្មីៗ ដែលជាថ្ងៃបិទបញ្ចប់សន្និបាតរយៈពេល៣ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ​ ប្រធានគណបក្សប្រជាជនកម្ពុជា​ និងជា​នាយករដ្ឋមន្រ្តី សម្តេចតេជោ​ ហ៊ុន សែន​ បានស្តីបន្តោសខ្លាំងៗទៅកាន់អភិបាលខេត្តត្បូងឃ្មុំ​ លោក​ លី​ ឡេង ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ​។

បើតាមទំព័រហ្វេសប៊ុក​អ្នកសារព័ត៌មាន ដែលស្និតនឹងរដ្ឋាភិបាលម្នាក់ បានផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះថា “ថ្ងៃប្រជុំបក្ស តា លី ឡេង ចៅហ្វាយខេត្តត្បូងឃ្មុំ រាងរាសីដាក់ជាងគេ ត្រូវព្រនង់ខ្លាំងៗពីព្រះឥន្ទ រឿងបទល្មើសព្រៃឈើឆ្លងកាត់ ហើយទុកមួយអាទិត្យ អោយធ្វើកិច្ចការនេះ បើធ្វើមិនបាន អាចជ្រុះកៅអី!“

ទោះជាបែបណា​ ក្នុងបណ្តាញសង្គមហ្វេសប៊ុកដដែល ហាក់បញ្ចេញទស្សនៈបែបអាណិតអាសូរបន្តិច​ ដោយលើកឡើងថា​ “តែអាណិតគាត់ដែរ បង្ក្រាបមិចបើឈ្មួញឈើធំៗ សុទ្ធតែក្រាក់ៗ ហើយពេលខ្លះកាច់ចង្កេះ សុំច្បាប់មកអំពេញ ស្រាប់តែប្រុចចូលត្បូងឃ្មុំ ដល់ដីយួនម៉ង!“

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ​ ឥសាន្ត​ បានប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករានេះថា រឿងនេះ ជារឿងផ្ទៃក្នុងរបស់គណបក្ស ដោយលោកចាត់ទុកថា នេះជាការណែនាំរវាងថ្នាក់ដឹកនាំជាមួយថ្នាក់ក្រោម​ “.......វាជារឿងធម្មតា​ហើយអ្នកធ្វើមិនដែលចេះធ្វើត្រូវទេ”​។ យ៉ាងណា លោកសុំមិនបរិយាយជុំវិញដែលថា​ នាយករដនាយករដ្ឋមន្រ្តី ស្តីបន្ទោសអភិបាលខេត្តត្បូងឃ្មុំ​ រឿងបទល្មើសព្រៃឈើឆ្លងកាត់។

ទាក់ទងនឹងព័ត៌មាននាយករដ្ឋមន្រ្តី​ ស្តីបន្តោសអភិបាលខេត្តត្បូងឃ្មុំ​ អង្គភាពសារព័ត៌មាន​ Cam Post នៅព្រឹកថ្ងៃអង្គារនេះ​ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីអភិបាលខេត្តត្បូងឃ្មុំ​ លោក​ លី​ ឡេង​ ដែលទើបនឹងឡើងតំណែងបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល​។

បើតាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ ដែលចូលរួមសន្និបាតគណបក្សផងដែរនោះ​ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន​ Cam Post ដែរថា​ ក្នុងសន្និបាតនោះ មិនត្រឹមតែសម្តេច​តេជោ ព្រមានអភិបាលខេត្តត្បូងឃ្មុំ ប៉ុណ្ណោះទេ សូម្បីតែអភិបាលខេត្តកំពង់ស្ពឺ​ លោក វី សំណាង និងអភិបាលខេត្តព្រះសីហនុ លោក យន់ មីន ក៏ត្រូវព្រមានស្រដៀងគ្នាផងដែរ ទាក់ទងទៅនឹងរថយន្តទំនើបៗ អត់មានពន្ធត្រឹមត្រូវ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor