
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងវេទិកាកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថាបានជំរុញឲ្យអ្នកចិញ្ចឹមជ្រូកត្រូវរៀបចំខ្លួនប្រកួតប្រជែងជាមួយផលិតផលពីក្រៅប្រទេស។ លោកអះអាងថាដោយសារតែកម្ពុជាត្រូវការដោះដូរផលិតផលផ្សេងៗជាមួយប្រទេសជិតខាង ពោលគឺបើកឲ្យទំនិញគេចូល ដើម្បីនាំចេញទំនិញខ្លួនទៅប្រទេសគេវិញ។ ម្យ៉ាងទៀត បើរដ្ឋាភិបាល បិទការនាំចូលជ្រូក នោះពិតជាផ្តល់ប្រយោជន៍ដល់អ្នកចិញ្ចឹមជ្រូកដែលជាចំនួនភាគតិច តែសាច់ជ្រូកលើទីផ្សារអាចនឹងឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋទូទៅ រួមទាំងកម្មករផងដែរ។
អ្នកចញ្ចឹមជ្រូក តាមរយៈសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្លាប់បានទាមទារសុំអន្តរាគមន៍ពីរដ្ឋាភិបាលជាច្រើនលើក កន្លងមក ជាពិសេសបញ្ហាហូរចូលជ្រូកមិនស្របច្បាប់ ដែលអាចមានការបង់ពន្ធមិនត្រឹមត្រូវ ធ្វើឲ្យជ្រូកពីក្រៅមានតម្លៃប្រកួតប្រជែង។
ក្រសួងកសិកម្មធ្លាប់កោះប្រជុំកន្លងមក ដែលមានទាំងអង្គភាពគយ និងរដ្ឋាករចូលរួមដែរ បានពិភាក្សាលើបញ្ហានេះ។ ស្ថាប័នពាក់ព័ន្ធទាំងនេះថានឹងរឹតបន្តឹងការនាំចូលជ្រូកមិនស្របច្បាប់។ ប៉ុន្តែបើតាមសមាគមខាងលើនេះ ការហូរចូលជ្រូកមិនស្របច្បាប់នៅតែមានសកម្មភាពគគ្រឹគគគ្រេង។
យោងតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែមេសា ឆ្នាំ២០១៧ កន្លងមក ក្រសួងបានកំណត់កូតាបើកឲ្យនាំចូលជ្រូកស្របច្បាប់ចំនួន ១ ២៥០ ក្បាលក្នុងមួយថ្ងៃ។
លោក ជេត ភិរម្យ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថា៖ បើក្រសួងបិទការនាំចូលទាំងស្រុង អ្នកចិញ្ចឹមក្នុងស្រុកមិនទាន់មានសមត្ថភាពផ្គង់ផ្គង់ទីផ្សារទាំងមូលបាននោះទេ។ លោកបន្តថា៖ អ្នកចិញ្ចឹមក្នុងស្រុក អាចផ្គត់ផ្គង់ជ្រូកមានប្រហែល ៦០ភាគរយនៃតម្រូវការសរុប តែប៉ុណ្ណោះ។
លោក ជេត ភិរម្យ ថាអ្នកចិញ្ចឹមត្រូវពង្រឹងខ្លួនលើសមត្ថភាពផលិត ដើម្បីអាចប្រកួតប្រជែងលើទីផ្សារ។
