
ភ្នំពេញៈ ក្មេងស្ទាវពីរក្រុម ដេញវាយគ្នា ដោយភាគីមានគ្នា៤នាក់ ជិះម៉ូតូធំមួយគ្រឿង និង Scoopy មួយគ្រឿង ដកខ្សែក្រវ៉ាត់ដេញវាយម៉ូតូសង់ប៊ិច មកដល់ផ្លូវបំបែក ម៉ូតូសង់ប៊ិច តែបាក់កាំបន្ទះ បណ្តាលឲ្យដួល និងមនុស្សប្រុសស្រី២នាក់ រងរបួសស្រាល។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២៖១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ តាមផ្លូវ២៧១ ជិតមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្ថិតក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមអ្នកដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញក្រុមក្មេងស្ទាវពីរក្រុម មានគ្នាច្រើននាក់ ដោយភាគីក្មេងស្ទាវមានច្រើន ជិះម៉ូតូច្រើនគ្រឿងមានម៉ូតូ Scoopy ម៉ូតូ Dream ម៉ូតូសង់ប៊ិច និងម៉ូតូអត់ស្គាល់ម៉ាកទៀត ត្រូវភាគីមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មានម៉ូធំម៉ាក XR ពណ៌ក្រហម អត់ចាំស្លាកលេខ និង Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1FE-6624 ជិះតាមវាយគ្នាយ៉ាងអនាធិបតេយ្យ។ ភ្លាមនោះ ស្រាប់តែកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ដែលប្រចាំការនៅគោលដៅផ្លូវ២៧១ ឃើញក៏ចេញអន្តរាគមន៍ ដេញតាមដល់ផ្លូវបំបែកជិតមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្រាប់តែម៉ូតូសង់ប៊ិច ពាក់ស្លាកលេខ 1BD-8221 ដែលជិះឌុបគ្នា២នាក់ ប្រុសម្នាក់ស្រីម្នាក់ បានដួលបាក់កាំបន្ទះកង់ក្រោយ បណ្ដាលឲ្យរងរបួសស្រាលទាំង២នាក់។ ចំណែកក្មេងស្ទាវ២នាក់ ជិះម៉ូតូ Scoopy ជិះរត់បានប្រហែល៣០០ម៉ែត្រ ក៏ត្រូវបានកម្លាំងល្បាតដេញតាមឃាត់បាន រីឯម៉ូតូធំ XR បានបកក្រោយរត់ជិះរត់គេចខ្លួនបាត់។

បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បាននាំភាគីដែលឃាត់បានមកកន្លែងកើតហេតុ ស្រាប់តែភ្លាមនោះ ជនរងគ្រោះបានចេញអះអាងថា ជាអ្នកដកខ្សែក្រវ៉ាត់ដេញវាយលើមកលើបក្ខពួកខ្លួនពិតប្រាកដមែន។ ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានប្រគល់ភាគីទាំងសងខាងឲ្យកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់១ ដើម្បីយកទៅសាកសួរបន្ថែមទៀត៕













