រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារជាតិចិននឹងឧបត្ថម្ភរថក្រោះ និងរថពាសដែក ចំនួន ៧០គ្រឿង ព្រមទាំងគ្រឿងចក្រកម្ទេចគ្រាប់មីន និងគ្រឿងចក្រផ្សេងៗទៀតដល់ក្រសួងការពារជាតិកម្ពុជា សម្រាប់ផ្គត់ផ្គងដល់កងពលតូចលេខ៧០ ជាជំនួយឥតសំណង ខណៈប្រទេសទាំងពីរនឹងធ្វើសមយុទ្ធយោធារួមគ្នាមួយដែលមានឈ្មោះថា "នាគមាស"។
លោកឧត្តមសេនីយ៍ អ៊ិត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ថាសមយុទ្ធយោធារវាងកម្ពុជា-ចិន នៅខែមិនា ឆ្នាំ២០១៨ ធ្វើឡើងក្រោមប្រធានបទប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ដែលជាក្តីបារម្ភរបស់ប្រទេសទាំងពីរ។ សមយុទ្ធនោះនឹងមានកងទ័ពខ្មែរចំនួន ២៨០នាក់ និងកងទ័ពចិនចំនួន ១៩០នាក់ ចូលរួម។
លោកឧត្តមសេនីយ៍ បញ្ជាក់ថាកម្ពុជានិងចិននឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងខែមិនា ឆ្នាំ២០១៨ ខាងមុខនេះ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាផ្នែកមួយនៃការរំលឹកខួបនៃទំនាក់ទំនងការទូតលើកទី៦០ រវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ប្រសិនបើជំនួយយោធារបស់ចិនទាំងនោះសម្រាប់បម្រើលើវិស័យការពារជាតិ ជាពិសេសបញ្ហាព្រំដែនវិញ ជំនួយទាំងនោះនៅមិនទាន់គ្រប់គ្រាន់ទេ។ ប៉ុន្តែលោកបារម្ភថា រដ្ឋាភិបាលអាចប្រើប្រាស់ជំនួយយោធា ឬសព្វាវុធទាំងនោះដើម្បីធ្វើការគំរាមកំហែង ដល់ការតវ៉ាដោយសន្តិវិធីទាំងឡាយណា ដែលរដ្ឋាភិបាលតែងចាត់ទុកថាជាអំពើបដិវត្តន៍ពណ៌ជាដើមនោះ។




