Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ កម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានស្ទាក់ចាប់រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9013 មួយគ្រឿង ឆែកឆេររកឃើញមានបង្កប់ដឹកឈើប្រណីតប្រភេទក្រញូងប្រហែល៣០០គីឡូក្រាម និងបានឃាត់ខ្លួនអ្នកបើកបរ ត្រួតពិនិត្យអត្តសញ្ញាណ ទើបដឹងថាជាអ្នកកាសែត។

ប្រតិបត្តការនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិស្លាកសំរោង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សួស ណៃ អាយុ៣៧ឆ្នាំ រស់នៅភូមិល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជនម្នាក់នេះ ប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌សេរីភាពខ្មែរ, ប័ណ្ណសម្គាល់ខ្លួនទូរទស្សន៍ស៊ីភីអិន, លិខិតបេសកកម្មទូរទស្សន៍មរតកជាតិខ្មែរអនឡាញ និងមានប័ណ្ណសម្គាល់ខ្លួនយោធា ឈ្មោះ ហាក់ ប៉ូលីស។

ប្រភពបានឲ្យដឹងថា ជនសង្ស័យរូបនេះ កន្លងមកធ្លាប់ដឹកឈើខុសច្បាប់ពីខេត្តព្រះវិហារយកទៅលក់នៅខេត្តតាកែវ តែសមត្ថកិច្ចតាមជាន់ដានមិនទាន់ ទើបតែម្តងនេះជននេះចង់សាកដឹកឆ្លងកាត់ខេត្តត្បូងឃ្មុំ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។

យោងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ និងអូសយករថយន្ត រួមទាំងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor