
ខេត្តព្រៃវែង ៖ ករណីយុវជនខេត្តព្រៃវែង ដែលបន្លំផ្សំដំណេកជំនួសកូនកំលោះ ឯកូនក្រមុំនឹកស្មានថា ជាអនាគតប្តី ក៏បណ្តោយខ្លួនឱ្យប្រុសកំហូចរហូតបានសម្រេច៣ដង នោះធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងចង់ពីដឹងសាច់រឿងវិវត្តន៍បន្ត ថាតើនឹងមានវិធីដោះស្រាយដោយរបៀបណាចំពោះរឿងនេះ?
រហូតមកដល់រសៀលថ្ងៃទី ១៨ មករា ២០១៨នេះ សាមីខ្លួនដែលជាកូនកំលោះ បានសម្រេចចិត្តរំសាយមង្គលការនេះ រួចវេចបង្វេចត្រឡប់ទៅផ្ទះ និងទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១,៤០០ដុល្លារមកវិញ ។
ប៉ុន្តែក្រុមគ្រួសារខាងស្រី បានអះអាងថា គ្មានលុយទេ ព្រោះបានយកចាត់ចែងពិធីមង្គលការអស់ហើយ បង្កឲ្យរឿងមួយនេះ កើតមានការចម្រូងចម្រាសយ៉ាងខ្លាំង បើទោះជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានព្យាយាមជួយធ្វើការសម្របសម្រួលយ៉ាងណាក៏ដោយ ។
ចំណែកខាងជនសង្ស័យបានសារភាពថា គេបានលួចស្រឡាញ់នារី ដែលជាកូនក្រមុំនោះយូរមកហើយ ប៉ុន្តែឪពុកម្តាយរបស់គេក្រីក្រពេក មិនហ៊ានចូលស្តីដណ្តឹងនាងនោះទេ ទើបនៅថ្ងៃនារីរងគ្រោះចូលរោងការ គ្រាដែលកូនក្រមុំចូលទៅក្នុងបន្ទប់របស់នាង ចំណែកកូនកំលោះនៅបន្តផឹកស៊ីជាមួយបងប្អូនសាច់ញាតិនៅក្រោមរោងការក្បែរផ្ទះ ឃើញឱកាសល្អ រូបគេក៏បន្លំខ្លួនជាកូនកំលោះ ចូលទៅរួមរ័ក្សជាមួយកូនក្រមុំរហូតដល់បានសម្រេចរហូតដល់ទៅ៣ដង ហើយបន្តដេកលង់លក់ជាមួយនារីរងគ្រោះរហូតទៀបភ្លឺ ទើបស្ត្រីរងគ្រោះដឹង ហើយស្រែកហៅឪពុកម្តាយស្ទុះមកចាប់គេក្នុងបន្ទប់តែម្តង ។

បើតាមលោក សៅ ចាន់ថា អធិការស្រុកកញ្ជ្រៀច បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តព្រៃវែង កាលពីល្ងាចថ្ងៃពុធ ទី១៧ មករា ២០១៧ ម្សិលមិញនេះតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ២១ ចុះថ្ងៃ១៧ ខែមករា ឆ្នាំ២០១៨ របស់លោកភា ជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ដែលបានសម្រេចចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ»ដោយផ្អែកលើមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់គុកពី៥ឆ្នាំ ទៅ១០ឆ្នាំ ។

សូមជម្រាបជូនថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹក ថ្ងៃទី១៦ មករា ស្ថិតនៅក្នុងផ្ទះការមួយ ក្នុងភូមិឆ្ពឹះ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

