
កីឡាៈ កីឡាការនីហែលទឹកពន្លកថ្មី សុខ វលក្ខណ៍ បានបង្ហើបថា ឆ្នាំ២០១៩ អាចដណ្តើមមេដាយបាន ពីការប្រកួតកម្រិតអន្តរជាតិ។
កីឡាការិនីហែលទឹកវ័យក្មេង សុខ វលក្ខណ៍ បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្ញើលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់តេជោសែន ប្រចាំឆ្នាំ២០១៧ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែលដំណើរការប្រកួតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។
កីឡាការិនីវ័យ១៥ឆ្នាំរូបនេះ ដណ្តើមបានមេដាយមាស៣គ្រឿងម្នាក់ឯង លើវិញ្ញាសាប្រកួត ហែល១០០ម៉ែត្រផ្ញា ហែល១០០ម៉ែត្រសិរី និងហែល១០០ម៉ែត្រកង្កែប ដែលជាវិញ្ញាជំនាញរបស់សុខ វលក្ខណ៍ ក្រោយពីត្រលប់មកពីហ្វឹកហាត់រយៈពេល២សប្តាហ៍ នៅប្រទេសជប៉ុន នាខែតុលា ឆ្នាំ២០១៧កន្លងមនេះ។

កីឡាការិនី សុខ វលក្ខណ៍ បានថ្លែងប្រាប់ក្រោយបញ្ចប់ការប្រកួតថា រូបគេនិងបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឈានទៅដណ្តើមយកមេដាយ ពីព្រឹត្តិការណ៍ធំៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
កីឡាការិនី សុខ វលក្ខណ៍ បានអះអាងថា ក្នុងចំណោម៣វិញ្ញាសា ដែលរូបគេដណ្តើមបានមេដាយមាសចំនួន៣គ្រឿងនេះ មានតែវិញ្ញាសាហែលសិរីមួយទេ ដែលគេធ្វើបានល្អ ដោយប្រើថេរៈវេលាហែល១នាទី.១១វិនាទី បំបែកបានថេរៈពេលចាស់ កាលពីប្រកួតឆ្នាំមុនៗ ១នាទី.១២វិនាទី។ នាងថា នូវឆ្នាំក្រោយនាងនឹងធ្វើឲ្យបានល្អជាងនេះទៀត គោលដៅឈោងទៅយកមេដាយ ពីការប្រកួតកម្រិតតំបន់មកជូនកម្ពុជា។
ជាមួយគ្នានេះដែរ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លើកឡើងដែរថា នឹងបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់ជប៉ុន នូវពេលខាងមុខ ដើម្បីបង្កើនសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣៕




