
ព្រះវិហារៈ បុរសម្នាក់ រួមនិងកូនស្រីតូចម្នាក់ទៀត បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគោយន្តកន្ត្រៃចំពីមុខយ៉ាងពេញទំហឹងកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះ បានជិះម៉ូតូដឹកកូនតូចពីក្រោយក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានទៅបុកគោយន្តកន្ត្រៃយ៍ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ឪពុក និងកូនស្លាប់ភ្លាមៗ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ គុយ អាយុ២៤ឆ្នាំ បើកបរម៉ូតូ Honda Dream C125 ពណ៌ខៅ្ម និងកូនស្រីឈ្មោះ គិត នីសា អាយុ៣ឆ្នាំ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ អៀន អ៊ិត អាយុ៣៤ឆ្នាំ រស់នៅភូមិកាឡោក ឃុំសង្កែ១ ស្រុកឆែប។
ក្រោយកើតហេតុ ម៉ូតូ និងគោយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់។ ចំណែកសាកសពឪពុកកូន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


