
ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដេញចាប់បានវាយទ្រមខ្លួន ខណៈម្នាក់ទៀត គេចខ្លួនបាត់ បន្ទាប់ពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រច រួចជិះម៉ូតូគេចខ្លួន។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ កុល វុទ្ធីធុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យឥន្ទ្រទេវី ស្នាក់ផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទី២ មានឈ្មោះ យិន សម្រស់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សដូចគ្នា ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចក្រសួងមហាផ្ទៃម្នាក់ ប្រាប់ឲ្យដឹងថា មុននឹងឈានការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រូបគាត់មានគ្នាពីរនាក់ បានជិះម៉ូតូមួយគ្រឿង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យ៣នាក់ ជិះម៉ូតូពីរគ្រឿង មានមួយគ្រឿងម៉ាក ឌ្រីមសង់ មិនចាំស្លាកលេខ ជិះម្នាក់ ជាជនដៃដល់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X បានសម្រេច រួចជិះគេចខ្លួនបាត់ទៅបាត់ ខណៈពេលកម្លាំងក្រសួងមហាផ្ទៃ បានជិះម៉ូតូដេញតាម មានម៉ូតូមួយគ្រឿងម៉ាក នីក ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GP-0498 ជិះគ្នាពីរនាក់ បានព្យាយាមបើកគេចខ្លួនមកដល់ចំណុចផ្លូវលេខ១៣២ ក្រុម២៥ ភូមិ៤ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានភ្លាមៗ តែត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រមខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ និងបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕



