
ភ្នំពេញៈ មានសេចក្ដីរាយការណ៍មកមុននេះថា មានការប្រទះឃើញគ្រាប់បែកមួយគ្រាប់ នៅមុខផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ។ ករណីនេះកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងយ៉ាងខ្លាំង ហើយគេសង្ស័យជាករណីបង្កៃគ្រាប់បែក។
អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់សារព័ត៌មាន Cam Post ថា ពិតជាមានការប្រទះឃើញគ្រាប់បែក១គ្រាប់ នៅមុខផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវលេខ១៩៧៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ម្ដុំសាលាខណ្ឌសែនសុខ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមុននេះបន្តិច។
ទោះជាយ៉ាងណា លោកអធិការបញ្ជាក់ហើយថា ករណីនេះមិនមែនជាការបង្កៃគ្រាប់បែកនោះទេ គឺគ្រាន់តែជាការផ្លុងគ្រាប់បែកចោល ដោយជនសង្ស័យអាចធ្វើឡើងក្នុងបំណងអ្វីមួយ។
លោកអធិការរូបនេះ បញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ លោកបានរាយការណ៍ទៅខាងសមត្ថកិច្ចជំនាញ ជាពិសេសខាងស៊ីម៉ាក់ ចុះទៅធ្វើការត្រួតពិនិត្យ និងដោះគ្រាប់បែកនោះចេញ។
សូមជម្រាបថា ករណីប្រទះឃើញគ្រាប់បែកនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមុននេះបន្តិច។ អង្គភាពសារព័ត៌មាន Cam Post នឹងធ្វើការ update ព័ត៌មានបន្ថែមនាពេលបន្តិចទៀតនេះ៕
