
ភ្នំពេញៈ ផ្អើលផ្សារប៉េសេថ្មីទាំងព្រលឹម បន្ទាប់ពីមានស្ត្រីម្នាក់ បន្លំលួចយកទូរស័ព្ទដៃរបស់ម្ចាស់តូបលក់ខោរអាវក្នុងផ្សារ តែមិនបានសម្រេច ត្រូវអ្នកលក់ដូរតូបក្បែរគ្នាឃើញទាន់ ស្រែកផ្អើល និងនាំគ្នាជួយឃាត់ខ្លួន កាលពីវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចតូបលក់ខោរអាវមួយកន្លែង ក្នុងផ្សារបេសេថ្មី ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងរៀបចំអីវ៉ាន់លក់ដូរនៅផ្សារបេសេថ្មី ដោយបានដាក់ទូរសព្ទក្នុងថង់សម្លៀកបំពាក់ពណ៌ទឹកក្រូច និងមានមួកសុវត្ថិភាពមួយសង្កត់ពីលើ ខណៈគាត់ភ្លេចខ្លួនកំពុងរៀបចំតូបនោះ ស្រាប់តែមានស្ត្រីជនសង្ស័យនោះ ក៏ដើរមើលចុះមើលឡើងបន្លំធ្វើជាអ្នកទិញហើយឆ្លៀតរើកកាយ បន្លំលួចយកទូរស័ព្ទម៉ាក IPhone 5 ពណ៌ទឹកប្រាក់ របស់នារីរងគ្រោះដែលដាក់ក្នុងថង់ខោអាវ តែត្រូវបានអ្នកលក់ដូរតូបក្បែរគ្នាឃើញស្រែកចោរៗ ឆោឡោ រត់ទៅចាប់យកទូរស័ព្ទបានវិញ ហើយទាក់ទងសន្តិសុខផ្សារចុះមកឃាត់ខ្លួនសិន រង់ចាំប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដើរទិញអីវ៉ាន់ អ្នកលក់ដូរជាច្រើនចោមរោមមើលពេញផ្សារ។

ស្ត្រីជាជនសង្ស័យឈ្មោះ ប៉ោ លីឃីម អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារបេសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ រីឯនារីរងគ្រោះឈ្មោះ ទ្រី កន្និកា អាយុ១៧ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមចម្លើយរបស់ស្ត្រីជនសង្ស័យនោះ បាននិយាយថា ខ្លួនមិនបានដឹងថា ថង់ខោអាវខាងលើនេះមានទូរស័ព្ទក្នុងហ្នឹងទេ ស្មានថា គេបោះចោល និងជាថង់ខោអាវជជុះ ទើបអង្គុយរើកកាយមើល ស្រាប់តែគេស្រែកថាចោរតែម្តង។
ក្រោយពីសាកសួរនៅប៉ុស្តិ៍រួចហើយ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ គ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ ជួយយកស្ត្រីខាងលើនេះ ទៅដាក់មន្ទីរសង្គមកិច្ច ដើម្បីអប់រំកែប្រែខ្លួនតែប៉ុណ្ណោះ៕





