
ភ្នំពេញៈ បុរស២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូយ៉ាងលឿនមិនគោរពភ្លើងស្តុបក្រហម ជ្រុលបុករថយន្ត RANGE ROVER ពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខក្លោងទ្វារវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៤៨៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមពូៗម៉ូតូឌុប ដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បើករថយន្ត RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2772 និងមាននារីម្នាក់ទៀតរួមដំណើជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ និងមានស្តុបផងនោះ ដោយសារតែអទិភាពភ្លើងខៀវ ទើបបន្តដំណើរទៅមុខទៀត ភ្លាមនោះស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Dream-2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-5750 មិនគោរពភ្លើងស្តុបក្រហម ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនទាំងស្តុបក្រហម ក៏ជ្រុលបុករថយន្តពីចំហៀងផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យរងរបួសទាំង២នាក់ ចំណែករថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាង។

ឃើញដូច្នេះជនបរទេស បើករថយន្តទំនើបមួយគ្រឿង ដែលថតបានសកម្មភាព បានបង្ហាញឲ្យនារីជាម្ចាស់រថយន្តឃើញ នាងក៏បានថតជាវិដេអូបន្តចែកចាយឲ្យអ្នកសារព័ត៌មាន និងមន្ត្រីនគរបាលចរាចរណ៍ បានឃើញទាំងអស់គ្នា គឺមូលហេតុបុរសទាំង២នាក់ នោះជិះម៉ូតូមិនគោរពភ្លើងស្តុបចរាចរណ៍ ទើបទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនសុខលាភមេត្រី ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកនារីរូបស្រស់ទាំង២នាក់ បានឡើងរថយន្តជាមួយមិត្តភក្តិទៅផ្ទះ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយពេលក្រោយ៕






