
ភ្នំពេញៈ ខ្មាន់កាំភ្លើងដែលបានបាញ់ DJ ម្នាក់ របួសធ្ងន់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ។
ព្រះរាជអាជ្ញាកំពុងសាកសួរជនដៃដល់ ដោយមិនទាន់សម្រេចចោទប្រកាន់នៅឡើយទេ ។ ជនដៃដល់ ដែលបើកការបាញ់ប្រហារ នៅកណ្តាលក្រុងភ្នំពេញនេះ ត្រូវបានសមត្ថកិច្ច អះអាងថា ឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់ ជាកូនប្រុសលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលរូបនេះ បានបញ្ជាក់ថា ជនសង្ស័យដែលជាមេក្លោងបាញ់ប្រហារ នៅមណ្ឌលកម្សាន្ត Rock នេះ កម្លាំងសមត្ថកិច្ចកំពុងបញ្ជូនពីខេត្តឧត្តរមានជ័យ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តសួរនាំ មុននឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលរបួសត្រង់កំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។
ក្រោយកើតហេតុ២ថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន បក្ខពួកជនសង្ស័យ២នាក់ រួមមាន៖ ទី១.ឈ្មោះ កែវ ភិរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។
បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទហិង្សាមានស្ថានទម្ងន់ទោស ។ ជនដៃដល់រូបនេះ កំពុងដឹកបន្តមកកាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាកាសាលាដំបូងរាជធានី។
គួរបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock) ដែលជាមណ្ឌលកម្សាន្តដ៏ល្បីឈ្មោះរបស់ឧកញ៉ាក គិត ធាង បងប្រុសអ្នកឧកញ៉ា គិត ម៉េង តែងតែកើតមានករណីឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយស្ទើរតែគ្រប់ជម្លោះតែងបង្កជាការបាញ់ប្រហារពីសំណាក់អ្នកមានមុខមាត់ក្នុងសង្គម។ ហើយអ្វីដែលគេកត់សម្គាល់នោះ គឺថា គ្រប់ករណីកើតឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត របស់ឧកញ៉ារូបនេះ កម្រចាប់បានជនល្មើសបានណាស់៕

