Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មការចម្រុះពិសេសមួយ បានបង្កើតឡើងភ្លាមៗ តាមបញ្ជារបស់រាជរដ្ឋាភិបាល ដែលដឹកនាំបញ្ជាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចុះទៅធ្វើការស៊ើបអង្កេតកន្លែងកើតហេតុនៅព្រឹកថ្ងៃស្អែកនេះ ពីករណីបាញ់ប្រហារនៅតំបន់អូរហ៊ុច ក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី បណ្ដាលឲ្យពលរដ្ឋខ្មែរ ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះ មានមន្ត្រីបរិស្ថាន មន្ត្រីប៉េអឹម និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់។ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅយប់ថ្ងៃអង្គារនេះ។

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់ឲ្យដឹងថា គណៈកម្មការស៊ើបអង្កេតចម្រុះពិសេសមួយបានបង្កើតឡើងតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើការស៊ើបអង្កេតលើករណីផ្ទុះអាវុធនៅតំបន់អូរហ៊ុច ក្បែរព្រំដែនកម្ពុជា-វៀតណាម ដែលបណ្ដាលឲ្យមនុស្សស្លាប់៣នាក់។ គណៈកម្មការចម្រុះនេះ បញ្ជាផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មាននាយឧត្តមសេនីយ៍ នេត សាវឿន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលជានគរបាលយុត្តិធម៌ មន្ត្រីក្រសួងបរិស្ថាន និងកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា គណៈកម្មការចម្រុះពិសេសនេះ នឹងចុះដល់ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃស្អែកនេះ ធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុរកឲ្យឃើញឫសគល់នៃការបាញ់ប្រហារ ដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្តទៅតាមផ្លូវច្បាប់។ យ៉ាងណា រហូតមកទល់ម៉ោងនេះ លោកបញ្ជាក់ថា ករណីនេះបណ្ដាលឲ្យមន្ត្រីអាវុធហត្ថម្នាក់ មន្ត្រីបរិស្ថានម្នាក់ និងប្រជាការពារម្នាក់ បានស្លាប់ ដែលបានកើតហេតុតាំងពីម៉ោង៤៖៣៥នាទី រសៀលថ្ងៃទី៣០ ខែមករានេះ នៅតំបន់អូរហ៊ុច។ លោកបញ្ជាក់ថា តំបន់អូរហ៊ុចនេះ ពីមុនជាតំបន់ធ្លាប់បានបង្ក្រាបបទល្មើសព្រៃឈើម្ដងរួចមកហើយ ហើយមន្ត្រីមួយចំនួនដែលពាក់ព័ន្ធ ក៏ត្រូវបានដាក់ពិន័យរួចផងដែរ។

បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រាប់ឲ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធនៅតំបន់អូរហ៊ុច ក្បែរព្រំប្រទល់កម្ពុជា-វៀតណាម ប្រាកដមែន ដែលព័ត៌មានទទួលបានបឋម គឺមានមនុស្ស២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះហើយផងដែរ។ មន្ត្រីប៉េអឹមម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍អាវុធរវាងមន្ត្រីទាំងពីរអង្គភាព។ យ៉ាងណា លោកមិនអាចលម្អិតពីមូលហេតុនៃការផ្ទុះអាវុធនេះទេ ព្រោះកន្លែងកើតហេតុជាតំបន់ក្នុងព្រៃជ្រៅ គ្មានសេវាប្រព័ន្ធទូរស័ព្ទ។

ដោយឡែក ប្រភពពីសមត្ថកិច្ចខេត្តមណ្ឌលគិរី ឲ្យដឹងថា មន្ត្រីបរិស្ថាន និងមន្ត្រីអាវុធហត្ថ បានបើកការបាញ់ប្រហារដាក់គ្នា បណ្ដាលឲ្យមនុស្ស៣នាក់ បានស្លាប់ ខណៈប្រជាពលរដ្ឋ ដែលជាអ្នកបកប្រែ និងជាប្រជាពលរដ្ឋក្នុងសហគមន៍រងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត តែបានស្លាប់នៅវេលាម៉ោង៧៖៤៥នាទី យប់ថ្ងៃកើតហេតុ។ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចប៉ុស្តិ៍អូររាំង ដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែនក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទាំង៣នាក់ រួមមាន ១/ឈ្មោះ សេក វឌ្ឍនា មន្រ្តីអាវុធហត្ថ (ស្លាប់) ២/ឈ្មោះ តើន សុខណៃ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣/ឈ្នោះ ថុល ខ្នា បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល។

សេចក្ដីរាយការណ៍ផ្សេងគ្នាជាច្រើនឲ្យដឹងថា មុនកើតហេតុ៣ម៉ោង មន្ត្រីបរិស្ថាន ដែលបានស្លាប់នោះ បានទូរស័ព្ទទៅកាន់ប្រធានប៉ុស្តិ៍អូររាំង ផ្នែកបរិស្ថាន ប៉ុន្តែមិនបានលើកទូរស័ព្ទ ក្រោយមកក៏មានហេតុការណ៍ផ្ទុះអាវុធនេះកើតឡើង ដូច្នេះគេពុំដឹងថា ការផ្ទុះអាវុធនេះ ផ្តើមឡើងដោយបញ្ហាអ្វីនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor