កំពតៈ ខឹងប្ដី ដែលលះលែងមិនទាន់ដាច់ បង្ហោះហ្វេសប៊ុកភ្ជាប់ពាក្យជាមួយស្រីថ្មី ស្រ្តីជាប្រពន្ធដើម សម្រេចចិត្តលាយថ្នាំបំពុលជាមួយបាយ ឲ្យកូនប្រុស២នាក់ញាំ រួមទាំងខ្លួនឯង ចុងក្រោយស្លាប់កូនទាំងពីរ តែស្ត្រីជាម្ដាយមិនស្លាប់ ត្រូវដេកឱបទុក អាចនឹងត្រូវជាប់ទោសទណ្ឌទៀតផង។
ហេតុការណ៍គួរឲ្យរន្ធត់ចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅផ្ទះសំណាក់សុខមនោរម្យ ភូមិត្រពាំងខ្វា ឃុំភ្នំកុងស្រុកអង្គជ័យ ខេត្តកំពត។
បើតាយោងតាមការឲ្យដឹងពីនគរបាលខេត្ត បានប្រាប់ថា ស្ត្រីដែលលាយថ្នាំដាក់ជាមួយបាយឲ្យកកូនញាំ ហើយពុលស្លាប់ទាំងពីរនាក់បងប្អូននេះ ឈ្មោះ ប៉ាក់ សុហេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិសិង្ហ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកកូនប្រុសទាំងពីរនាក់ដែលបានស្លាប់នៅក្នុងផ្ទះសំណាក់ខាងលើ បន្ទប់លេខ២១៦ ម្នាក់ឈ្មោះ ហ៊ាល សុវណ្ណ អាយុ៨ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ ហ៊ាល ក្ដាន់ អាយុ៣ឆ្នាំ។
នគរបាលខេត្តបានប្រាប់ថា ស្ត្រីជាម្ដាយមិនស្លាប់ទេ ត្រូវបានគេដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ ហើយសពកូនទាំងពីរនាក់នោះ ត្រូវបានគេដឹកទៅធ្វើបុណ្យនៅស្រុកទ្រាំង។
នគរបាលបន្តថា ស្ត្រីដាច់ចិត្តលាយថ្នាំជាមួយបាយ បណ្ដាលឲ្យពុលស្លាប់កូននេះ បានជិះម៉ូតូឌុបកូនប្រុស២នាក់មកស្នាក់នៅផ្ទះសំណាក់ “សុខមនោរម្យ” នេះរយៈពេល២ថ្ងៃហើយ ព្រោះគេជាអ្នកលក់ថ្នាំស្លបូរាណ។
តាមកាអះអាងពីនគរបាលនិយាយថា ម្ដាយឪពុកក្មេងប្រុស២នាក់នេះបានលែងលះគ្នាជិត១ឆ្នាំហើយ តែមិនទាន់ដាច់ទេ តែពេលឃើញបុរសជាប្ដីភ្ជាប់ពាក្យស្រីផ្សេងបង្ហោះ ទើបមានរឿងរ៉ាវគួរឲ្យអាណោចអាធ័មនេះកើតមានឡើង។
លោក គង់ កុសល អនុប្រធានការិយាល័យនគរបាលបច្ចេកទេសខេត្ត បានចុះមកពិនិត្យបន្ទប់កើតហេតុនិយាយថា កូនប្រុស២នាក់នេះ ស្លាប់ដោយម្ដាយរបស់គេលាយថ្នាំជាបាយឲ្យកូនញាំ។
លោកបន្តថា មានថ្នាំបុរាណជាច្រើនប្រភេទ ត្រូវបានស្ត្រីរូបនោះជិះម៉ូតូដើរលក់ហើយលាយថ្នាំជាមួយបាយឲ្យកូនញាំពុលនោះ មិនទាន់ដឹងថា ថ្នាំអ្វីដែរ។ ហើយស្ត្រីមានចេតនាសម្លាប់កូនមិនទាន់ដឹងខឹងរឿងអ្វីឲ្យច្បាស់ការដែរ ព្រោះស្ត្រីមានគំនិតគិតខ្លីកំពុងសម្រាកព្យាបាល។
ទោះបីជាបែបណា ម្ចាស់ផ្ទះសំណាក់នេះ រួមទាំងសមត្ថកិច្ចមានគម្រោងលាក់បាំងព័ត៌មានមិនឲ្យបែកការ ទើបនគរបាលមិនបានចុះមកពិនិត្យសពក្មេងប្រុសទាំងពីរនាក់៕


