Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានហាម​មិន​ឲ្យ​ដុត​ផាវ កាំ​ជ្រូ​ច ឬ​បង្ក​សំឡេង​ផ្ទុះ លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​ដុត​ក្រដាស​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​ឡើយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ឆាប់​ៗ​នេះ​។ បើ​ជន​ណា​នៅ​តែ​បំពាន​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​។

អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ​ឲ្យ​​ដឹង​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជនជាតិ​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្ក​ការ​ក្រៅ​រដ្ឋាភិបាល និង​សាធារណៈជន​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ដាក់​ចេញ​ នូវ​បម្រាម​មួយ​ចំនួន គឺ​មិន​ឲ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ មិន​ឲ្យ​លេងល្បែង​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ស៊ីសង និង​រាល់​ការ​ហែរ​ក្បួន​ផ្សេង​ៗ តាម​បែប​សាសនា ឬ​ក៏​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញាត​ ត្រូវ​ហាមឃាត់។

លោក​បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ណែនាំ​ទៅ មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេចក្តី​ថ្លៃថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន ក្នុង​កា​អុជ​ទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន អគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ​។

បើតាមលោក ម៉េ​ត មាស​ភក្តី សម្រាប់​ការ​ដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត ហាម​ដាច់ខាត​ការ​ដុត​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ ហើយ​ចាប់ពី​ពេល​នេះ​ទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ​នឹង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត មិន​ឲ្យ​មានការ​នាំ​ចូល​ផាវ កាំជ្រួច​គ្រប់​ប្រភេទ នៅ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំង​នះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​បន្ត​ថា ទាក់ទិន​ទៅ​នឹង​បុណ្យ​ខាងលើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ណែនាំ​ទៅមន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ឲ្យ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​ខាងលើ​នេះ​ឲ្យ​បាន​ទូលំទូលាយ​។ ដោយឡែក ​ស្នងការដ្ឋាន​នគរបាល និងបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការ​កង​យោធភូមិ​ភាគ​ពិសេស​ ត្រូវ​ចេញ​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់ដល់​កងកម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​។

អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់​ថា បើ​ជន​ណា​ដែល​បំពាន​ទៅ​នឹង​បម្រាម​នេះ ឬ​ប្រព្រឹត្តល្មើស ​ដែល​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​ និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​តែ​ម្តង​។ យ៉ាងណា លោកមិនបានបញ្ជាក់ពីការដាក់ទោសទណ្ឌនោះយ៉ាងណានោះទេ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor