
កំពត ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន និង សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីកាត់ឫសសីមា ព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តយសមន្រី្ត នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ថាការដឹកនាំ និងការអភិវឌ្ឍប្រទេស គឺត្រូវការវិស័យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ហើយការដឹកនាំប្រទេស គឺចាំបាច់ត្រូវតែអោយប្រជាជនសុខសប្បាយ ដែលស្របទៅ នឹងផ្លូវព្រះពុទ្ធសាសនាផងដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានរំលឹកថាកាលពីអតីតកាល គឺខ្មែរក្រហម បានបំផ្លាញព្រះពុទ្ធសាសនា និងសាសនាផ្សេងៗទាំងស្រុងធ្វើឱ្យមនុស្សខ្វះសីលធម៌ គុណធម៌គ្មានសាសនានៅក្នុងខ្លួន ទីបំផុតធ្វើអោយប្រជាជនរងទុក្ខវេទនា ហើយប្រទេសបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម នេះហើយគឺជាមេរៀនសម្រាប់ជីវិត និងជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀតត្រូវតែរៀន និងចងចាំទុកជានិច្ច។
កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី បន្ដថាក្នុងបុព្វហេតុស្រលាញ់ជាតិ និងប្រជាជន ប្រមុខថ្នាក់ដឹកនាំប្រទេសបានលះបង់អ្វីៗគ្រប់យ៉ាង និងខិតខំជម្នះរាល់ការលំបាកស្វែងរកសន្តិភាពសង្គ្រោះជីវិតប្រជាជន ការពារបូរណភាពដែនដី និងកសាងប្រទេសដើម្បីប្រជាពលរដ្ឋ និងកូនចៅ។ ដូច្នេះ គ្មានអ្នកដឹកនាំណាដែលចង់បំផ្លាញនូវអ្វីដែលខ្លួនខិតខំស្វែងរកដោយលំបាកនោះទេ ហើយក៏គ្មានហេតុផលណាចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅដោយលំបាកដែរ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋរស់នៅបានសុខ និងមានជីវភាពធូរធារ។

ឯកឧត្តម ហ៊ុន ម៉ាណែត និយាយបែបឌឺថា បាត់អ្នកនយោបាយខ្លះ និងបក្ខពួករបស់គេមិនដឹងទៅណាអស់ហើយ ខ្ញុំច្រៀងមិនពីរោះដូចជាគេទេ គេមកនិយាយលួងលោម មកសន្យា ហើយមិនបានធ្វើឱ្យកើតឡើងរួចហើយក៏ទៅបាត់ គឺបានតែសន្យាចោលតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មិនបានសន្យាទេ គឺលោកធ្វើដោយខ្លួនលោកផ្ទាល់ និយាយពិត ធ្វើពិត កសាងពិត ឧបត្ថម្ភពិតៗ ហើយក៏បានចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី នេះហើយគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យប្រជាពលរដ្ឋមានសុខសន្តិភាព។
សមិទ្ធផលព្រះវិហារដ៏ស្កឹមស្កៃ និងសមិទ្ធផលនានាដែលយើងកំពុងសម្ពោធឆ្លង នាព្រឹកនេះ គឺបានចំណាយទឹកប្រាក់សរុបប្រមាណជាង ៤៥ម៉ឺនដុល្លារ ដោយទឹកប្រាក់នេះ បានកើតចេញពីទឹកចិត្តរបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលមានទឹកចិត្ត និងការចូលរួមពិត មិនមែនចេះតែនិយាយ ឬ សន្យាចោលនោះទេ។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត។





