
ចូលឆ្នាំចិន៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស៣៧នាក់ របួស៧៤ នាក់
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ៥៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ និងរបួស ៧៤នាក់។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។
របាយការណ៍ដដែលបង្ហាញទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៧នាក់ គឺមានអ្នកធ្វើដំណើរតាមម៉ូតូស្លាប់ ចំនួន ២៧នាក់ និងមិនពាក់មួកសុវត្ថិភាព ១៧នាក់។ ក្រៅពីនោះ ជាអ្នកធ្វើដំណើរតាមរថយន្តតូច ម្នាក់ រថយន្តធំ ម្នាក់ ម៉ូតូកង់បី ១នាក់ និងថ្មើរជើង ៧នាក់។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនជាងគេ កើតឡើងដោយសារតែការបើកបរល្មើសល្បឿនកំណត់ មានរហូតដល់ ២៥លើក កត្តាបើកបរប្រជែង នៅលំដាប់ទី២ និងបើកបរក្នុងស្ថានភាពស្រវឹង នៅលំដាប់ទី៣។
ខេត្តដែលកើតមានគ្រោះថ្នាក់ និងរងគ្រោះច្រើនជាង ក្នុងរយៈពេល៣ថ្ងៃនេះ នៃពិធីបុណ្យចូលឆ្នាំចិននេះ គឺនៅខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពត ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី និងខេត្តព្រះសីហនុ។
ពិធីបុណ្យឆ្នាំចិន នឹងបន្តនៅថ្ងៃអាទិត្យ ១នេះទៀត ខណៈដែលអ្នកធ្វើដំណើរកើនឡើងច្រើន ពិសេសនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស។
សូមរម្លឹកថា នៅថ្ងៃសែនចូលឆ្នាំចិន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ១០ លើក បណ្តាលឲ្យស្លាប់ ៨នាក់ និងរបួស១៦នាក់។ រីឯនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៣០ លើក បណ្តាលឲ្យស្លាប់ ១៤នាក់ និងរបួស ៤៧ នាក់។ រីឯនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ១៤លើក ស្លាប់ ១៥នាក់ និងបួស ១១នាក់។
កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំចិន នៅទូទាំងប្រទេសកើតឡើង ៦០ លើក បណ្តាលឲ្យស្លាប់ ៣២ នាក់ និងរបួស ៩៧ នាក់។


