Sponsor
រិទ្ធី

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE នូវថវិកាសរុបចំនួន ៣៤២,៦៦៣ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើបរិស្ថានសិក្សារបស់កុមារពិការក្នុងខេត្តកណ្តាល និងការសាងសង់អគារមន្ទីរពេទ្យក្នុងខេត្តតាកែវ មណ្ឌលគិរី និងខេត្តកំពង់ធំ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុនប្រចាំ​កម្ពុជា គម្រោង​សាងសង់​ភូមិ​សហគមន៍​សាមគ្គីធម៌​ម៉ា​រី​ស​កម្ពុជា នៅ​ខេត្តកណ្ដាល ចំណាយ​ទឹកប្រាក់​ចំនួន ៧២,១៧៩​ដុល្លារ​។ គម្រោង​នេះ​នឹង​សាងសង់​អគារ​សិក្សា​ថ្មី ៣​បន្ទប់ ហើយ​ត​ភ្ជាប់​ផ្លូវ​ប្រវែង ២២៥​ម៉ែត្រ ជា​កន្លែង​ដែល​អង្គការ​ជួយឧបត្ថម្ភ​ដល់​កុមារ និង​យុវជន​ពិការភាព ដែលមាន​សិស្ស​ប្រមាណ ៨០​នាក់ ជា​រៀងរាល់ឆ្នាំ​។​

សម្រាប់ស្រុកបាទី ខេត្តតាកែវ គម្រោង​សាងសង់​អគារ​ផ្នែក​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ ចំណាយ​ទឹកប្រាក់​ចំនួន ៩០,៧១២​ដុល្លារ​។ ដោយ​រំពឹងថា អគារ​ថ្មី​នេះ នឹងមាន​អ្នកជំងឺ​សម្រាក​ព្យាបាល​ទូទៅ ប្រមាណ ២,១០០​នាក់ និង​ផ្នែក​ជំងឺ​កុមារ ៥៥០​នាក់ អាច​ទទួលបាន​នូវ​សេវា​សុខាភិបាល​ក្នុង​បរិស្ថាន​វេជ្ជសាស្ត្រ​កាន់តែ​ប្រសើរ​ជាង​មុន​។ 

​ចំណែកឯ ខេត្តមណ្ឌលគិរី គម្រោង​សាងសង់​អគារ​ជំងឺ​ទូទៅ​ក្នុង​មន្ទីរពេទ្យ​កោះ​ញែក ចំណាយ​ទឹកប្រាក់​ចំនួន ៨៩,៧០០​ដុល្លារ​ ហើយគម្រោង​នេះ នឹង​ជួយ​លម្អ​បរិស្ថាន​វេជ្ជសាស្ត្រ ហើយ​និង​លើកកម្ពស់​សមត្ថភាព​ផ្នែក​ផ្សេងៗ​ទៀត​នៃ​មន្ទីរ​នេះ​។ ដោយ​រំពឹងថា ប្រជាជន​ប្រមាណ ១៨,០០០​នាក់​អាច​ទទួល​សេវា ល្អ​ជាង​មុន​។​

រីឯ​ នៅស្រុក​សន្ទុក ខេត្តកំពង់ធំ គម្រោង​សាងសង់​អគារ​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យបង្អែក​បារាយណ៍ ចំណាយ​ទឹកប្រាក់​ចំនួន ៩០,០៧២​ដុល្លារ​។ គម្រោង​សាងសង់​អគារ​សង្គ្រោះបន្ទាន់​ថ្មី​នេះ នឹង​ជួយ​កែលម្អ​បរិស្ថាន​វេជ្ជសាស្ត្រ​អគារ​ចាស់ ជាមួយគ្នានេះដែរ រំពឹងថា នឹងមាន​អ្នកជំងឺ​ប្រមាណ ១,១០០​នាក់ ជា​រៀងរាល់ឆ្នាំ​អាច​ទទួល​សេវា​សង្គ្រោះបន្ទាន់​។​

​ក្រោយ​ពិធី​ចុះហត្ថលេខា ផ្ដល់​ថិ​វិកា​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​ជាតិ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងថា គម្រោង​ទាំងនេះ នឹង​ជួយ​កែលម្អ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​សម្រាប់​កុមារ និង​យុវជន​ពិការភាព​។ លោក បន្តថា អគារ​សាងសង់​ថ្មី ផ្នែក​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ ហើយ​និង​អគារ​សង្គ្រោះបន្ទាន់ នឹងមាន​មាន​មនុស្ស​ជាច្រើន​ទទួលបាន​សេវា​ថែទាំ​សុខភាព​ល្អប្រសើរ​ជាង​មុន​ដែលមាន​ការយកចិត្តទុកដាក់ ហើយ​ជួយ​កែលម្អ​វេជ្ជសាស្ត្រ ព្រម​ទាំ​ម​លើកកម្ពស់​សមត្ថភាព​ពេទ្យ​ផ្នែក​ផ្សេងៗ​ផងដែរ​។​

សូមបញ្ជាក់ថា ​គម្រោង​ជំនួយ ​KUSANONE របស់​ជប៉ុន​នេះ បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ១៩៩១​។ មកដល់ពេលនេះ​ជប៉ុន​បានផ្ដល់​ថិ​វ​កា​ដល់​កម្ពុជា តាមរយៈ​គម្រោង​ជំនួយ​មាន​ថវិកា​សរុប​ជាង ៥៧​លាន​ដុល្លារ​អាមេរិក​ហើយ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​និង​ស្ថាបនា​នៅតាម​មូលដ្ឋាន​ប្រទេស​កម្ពុជា​ឡើងវិញ​។ 

​រីឯ​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​ពី​ឆ្នាំ​២០០២ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​នៃ​អង្គការក្រៅរដ្ឋាភិបាល​ប៉ុន ក្នុងការ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា ដែលមាន​ថវិកា​សរុប​ជាង ៣០​លាន​ដុល្លារ​។ ជំនួយ​ទាំងនេះ សម្រាប់​ទ្រទ្រង់​គម្រោង​ចំនួន ១០៥ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor