
កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥៩៨ នៅចំណុចមុខផ្ទះលេខ១៧២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យ២នាក់ដកកាំភ្លើងខ្លីកែច្នៃហ្គែសប្រើហ្គាសដេញបាញ់យុវជន៤នាក់កំពុងជិះម៉ូតូ៤គ្រឿង បង្កឲ្យផ្អើល។ បន្តិចក្រោយមក កងរាជអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ និងចាប់បានកាំភ្លើងខ្លីចំនួន១ដើម ។
ជនសង្ស័យ រួមមាន ទី១ ឈ្មោះ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកបើកម៉ូតូ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ សែន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាម កងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថាមុនពេលកើតហេតុ កម្លាំងល្បាតបានឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GV-២៥២៧ ធ្វើដំណើរមកតាមបណ្តោយផ្លូវ៥៩៨ ពីត្បូងទៅជើង កំពុងតែជិះដេញម៉ូតូហុងដាឌ្រីម និងស៊ុយសុគីនិច២គ្រឿងទៀត រួចហើយបានដកកាំភ្លើងខ្លីម៉ាកឡុកចិន ដេញបាញ់ទៅលើយុវជន៤ទៅ៥នាក់ទៀត ភ្លាមៗនោះដែរ កម្លាំងល្បាតបានឃើញក៏ជិះរថយន្តដេញកាក់ និងឃាត់ខ្លួនបានទាំង២នាក់ ខណៈពេលដែលត្រូវប្រជាពលរដ្ឋចោមរោមព្រួតវាយមួយដៃមួយជើង បណ្តាលឲ្យរងរបួសយ៉ាងដំណំ ទើបអាវុធហត្ថទួលគោកមកអន្តរាគមន៍ឃាត់ខ្លួន។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ត្រូវបានកងរាជអាវុធហត្ថខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់។




