
ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១១ ខែកុម្ភៈនេះថា សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសមាជិកអាមេរិកម្នាក់ ឬពីរនាក់ ដែលសំដៅដាក់ទណ្ឌកម្មលើកម្ពុជានោះ មិនអាចនោះទេ។
លោកបានលើកឡើងនូវចំណុចចំនួន៦ រួមមាន ១- សេចក្តីព្រាងច្បាប់សំដៅដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា គឺផ្តួចផ្តើមដោយព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ហើយនៅត្រូវឆ្លងនីតិវិធីវែងឆ្ងាយច្រើនទៀត ទម្រាំបានអនុម័ត។ នៅក្នុងការប្រជុំអនុម័ត ក៏នៅពិភាក្សាតវ៉ាគ្នាច្រើនទៀត។ ២- ការមិនចង់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិភាក្សាពីបញ្ហាបំណុលកម្ពុជា ដែលមានតាំងពិសម័យសង្គ្រាម ឆ្លុះបញ្ចាំងឲ្យឃើញថា ព្រឹទ្ធសមាជិកប៉ុន្មានរូបនោះ គ្មានសីលធ៌ម មនុស្សធ៌ម និងសិទ្ធិមនុស្សអីបន្តិចសោះ ទម្លាក់គ្រាប់លើកម្ពុជា ហើយតម្រូវឲ្យកម្ពុជា សងទៀត? គួរឲ្យហួសចិត្តណាស់។ ៣- ការចង់បង្កកទ្រព្យសម្បត្តិ លុយកាក់របស់មន្ត្រីកម្ពុជា អត់មានប្រសិទ្ធភាពទេ ដោយសារមន្ត្រី CPP និងមន្ត្រីរាជរដ្ឋាភិបាល គ្មានប្រាក់ឯណារាប់លានយកទៅទុកនៅក្រៅប្រទេសឲ្យគេរឹបអូសទេ។ ដូច្នេះ គ្មានរឿងអីត្រូវព្រួយបារម្ភ ឬភិតភ័យទេ។ ៤- ការហាមមិនឲ្យចូលទៅជាន់ទឹកដីអាមេរិក ក៏មិនឈឺក្បាល វិលមុខអីដែរ អ្នកដែលមិនបានទៅអាមេរិក មានដែលស្លាប់ឯណា? ហើយអ្នកដែលបាន និងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក មានជីវិតអមតៈឯណា? ៥- ការប៉ុនប៉ងបិទទីផ្សារនាំចូលទំនិញពីកម្ពុជា ហួសពេលហើយ ព្រោះក្រុមហ៊ុនបញ្ជាទិញបានចុះកិច្ចសន្យាទិញរួចហើយ បើមានបិទមែននោះ នឹងមានប្រតិកម្មពីក្រុមហ៊ុនបញ្ជាទិញជាមិនខាន និង៦- ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសភាអឺរ៉រុប មិនមែនចេះតែបញ្ជារដ្ឋាភិបាល បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបានតាមចិត្តនោះទេ។ ដូច្នេះ ការប៉ុនប៉ងប្រកបដោយអមនុស្សធ៌ម អសីលធ៌ម របស់ព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចនោះ មិនងាយនឹងបានសម្រេចផលតាមចិត្តចង់ ដែលដោយសារតែកាន់ជើងអាយ៉ងធ្វើបដិវត្តន៍ពណ៌បរាជ័យ ហើយចង់ឲ្យរស់ឡើងវិញ បានរស់នោះទេ។
លោកបញ្ជាក់ថា “ដំណើរលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា នៅតែដំណើរការដោយរលូន និងកាន់តែរឹងមាំ ក្រោមដំបូលសន្តិភាព ស្ថេរភាពនយោបាយ ប្រទេសជាតិនៅតែរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ប្រជាជនមានជីវភាពសម្បូរសប្បាយ ក្នុងក្តីសង្ឃឹមលើអនាគតភ្លឺស្វាងជានិច្ច។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទគ្រោងទុក គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨”។
ការលើកឡើងរបស់អ្នកនំាពាក្យបក្សកាន់អំណាច បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមដោយជឿជាក់ថា ច្បាប់ថ្មី នឹងត្រូវអនុម័តពេលឆាប់ៗខាងមុខ ដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងតម្រូវឲ្យរដ្ឋាភិបាលអាមេរិក រឹតបន្តឹងទណ្ឌកម្មមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
លោក សម រង្ស៊ី បានបង្ហាញជាសាធារណៈនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ថា សេចក្ដីស្នើច្បាប់នេះ ផ្តោតលើការទទួលខុសត្រូវរបស់កម្ពុជា និងការវិលមកវិញ នៃពាណិជ្ជកម្មឆ្នាំ២០១៨ នឹងបន្តមានសុពលភាពរហូតដល់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ។
ហ្វេសប៊ុករបស់លោក សម រង្ស៊ី បានឲ្យដឹងថា “កាលពីម្សិលមិញនេះ (៩ កុម្ភៈ) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៥រូប មកពីគណបក្សធំៗទាំងពីរ បានបញ្ជូនសេចក្តីស្នើច្បាប់មួយស្តីពីកម្ពុជា។ ច្បាប់ថ្មី ដែលគេជឿជាក់ថា នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ នឹងតម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បន្តឹងទណ្ឌកម្មមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងពេលថ្មីៗនេះ”។
លោកបញ្ជាក់ថា ក្នុងចំណោមទណ្ឌកម្មទាំងនោះ មានការទប់ស្កាត់មន្ត្រីកម្ពុជា មិនឲ្យទៅអាមេរិក ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីពុករលួយផងដែរ។ លោកអះអាងថា ទន្ទឹមនេះ អាមេរិក នឹងជំរុញស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក ឲ្យផ្អាកការផ្តល់ប្រាក់កម្ចីឲ្យទៅកម្ពុជា ដរាបណា មិនមានការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា៕

