
ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មឆក់យកកាមរ៉ាថតរូបពីបុរសម្នាក់ ដែលកំពុងឈរថត បានសម្រេច រួចជិះគេចខ្លួនប្រហែល១០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍បឹងកក់២។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៩និង៣០នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុចមុខមន្ទីរពេទ្យទីយ៉ូម៉ែឌីកាល់ ផ្លូវ៥៦៦កែងផ្លូវ២៩១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលឃាត់បាន ឈ្មោះ ឱ សារុំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩ ផ្លូវ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះឈ្មោះ ខៀវ សុផល្លា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន ស្នាក់ម្ដុំទឹកល្អក់៣ ខណ្ឌទួលគោក។

បើតាមសំដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរថតរូបមន្ទីរពេទ្យទីយ៉ូម៉ែឌីកាល់ ពេលថតហើយក៏ឈរ ដើម្បីឆែករូប ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1I-7028 មកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាមរ៉ាបានសម្រេច តែជិះគេចខ្លួនបានប្រហែល១០០ម៉ែត្រ ក៏ត្រូវពលរដ្ឋដេញចាប់បានមកវិញ រួចប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍បឹងកក់២ រីឯកាមរ៉ាប្រគល់ឲ្យជនរងគ្រោះវិញផងដែរ៕





