
ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសតែងតាំងឧត្តមសេនីយ៍ឯក ឌី វិជ្ជា ពីប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ទៅជាអគ្គស្នងការរងនគរបាលជាតិ។ ការប្រកាសតែងតាំងនេះ ធ្វើឡើងនៅក្នុងពិធីបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អត្តលេខ០១២៧៨ ពីប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឌី វិជ្ជា ជាកូនប្រុសរបស់នាយឧត្ដមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃអាទិត្យទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ក្នុងជន្មាយុ៥១ឆ្នាំ ដោយសារឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅឯខេត្តស្វាយរៀង។
លោក ឌី វិជ្ជា ក៏ជាកូនប្រសារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលត្រូវជាស្វាមីអ្នកស្រី ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍ បាយ័នផងដែរ៕



