
មណ្ឌលគិរីៈ អំពើឃាតកម្មបាញ់មន្ដ្រីការពារព្រៃឈើ៣នាក់ នៅខេត្តមណ្ឌលគិរី ដែលក្រសួងបរិស្ថានចាត់ទុកថា ជាវរជនការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឲ្យកក្រើក និងផ្ទុះការចាប់អារម្មណ៍ នៅទូទាំងប្រទេស ហើយអាចចាត់ទុកថា ជាសំណុំរឿងសន្ដិសុខដ៏ធំបំផុតនៅដើមឆ្នាំ២០១៨នេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង តាំងពីដំណាក់កាលស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើសទាំង៦នាក់ ពីក្រុមមន្ដ្រីនគរបាលយុត្តិធម៌ រហូតដល់ដំណាក់កាលចោទប្រកាន់ និងចេញដីកាឃុំខ្លួនពីស្ថាប័នអយ្យការ និងតុលាការខេត្តមណ្ឌលគិរី។
រឿងរ៉ាវបន្ដទៀតនោះ គឺស្ថិតក្នុងដំណាក់កាលដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដើម្បីឈានទៅដល់ការបើកសវនាជំនុំជម្រះ និងផ្ដន្ទាទោសតាមច្បាប់។
សំណុំរឿងដ៏ក្ដៅគគុកដែលបានកើតឡើងគៀកនឹងព្រំដែន កម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបិទបញ្ចប់ដោយទទួលបានភាពជោគជ័យ និងផ្លែផ្កាដ៏ធំធេងទាំងនេះ គឺជាខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន បូករួមទាំងស្ថាប័នអយ្យការ និងស្ថាប័នតុលាការផងដែរ បើទោះបីការចូលរួមរំលែកទុក្ខ និងសោកស្ដាយ នៃការបាត់បង់ជីវិតជនរងគ្រោះទាំង៣រូប បាន និងកំពុងបន្ដដក់ជាប់ក្នុងក្រអៅបេះដូងសាច់ញាតិ មិត្តភ័ក្រ មិត្តរួមការងារ និងស្ថាប័នរបស់ពួកគេក៏ដោយនោះ។
បើទោះបីមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះទាំង៣នាក់ ដែលតាមព័ត៌មានមួយចំនួនផ្ដោតទៅលើ និងផ្ដើមចេញពីការពាក់ព័ន្ធបទល្មើសព្រៃឈើក៏ដោយនោះ ប៉ុន្ដែកាតព្វកិច្ចការពារធនធានធម្មជាតិ និងតម្លៃនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជារឿងដែលមិនត្រូវបានមើលរំលងនោះឡើយ ដែលពួកគេបានខិតខំប្រឹងប្រែងធ្វើនាពេលកន្លងទៅ។
សូមជម្រាបថា តាំងពីថ្ងៃកើតហេតុរហូតមកដល់រសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជាវេលាដឹកក្រុមជនល្មើសចូលទៅកាន់ពន្ធនាគារ ក្រោយតុលាការចេញដីកាឃុំខ្លួន គឺសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទាំងនគរបាល អាវុធហត្ថ និងយោធា បានប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការបញ្ជាពីថ្នាក់ដឹកនាំនៅតាមអង្គភាពរបស់ពួកគេ រហូតយប់ខ្លះសម្រាកបានតែ២ម៉ោង និងថ្ងៃខ្លះហូបបាយ មិនត្រង់មាត់ទៀតផង៕
