
ភ្នំពេញៈ បុរសជាឪពុកបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកកូនប្រុសអាយុ៥ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូ១គ្រឿងបុកជាមួយរថយន្តដឹកទំនិញយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១ និង៣០នាទីរសៀល ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចមុខដីឡូ១កន្លែង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ប្រភពបានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បានព្យាយាមបើករត់ប្រហែលជាង៥០ម៉ែត្រ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងអ្នកបើកបរ រួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែក សាកសពឪពុក និងកូន ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕






