
ភ្នំពេញៈ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿនញៀនឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុកលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី២ ឆ្នាំ២០១៧ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានចូលរួមពីគ្រប់អភិបាលខេត្តទាំងអស់ ប៉ុន្តែបានអវត្តមានអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ទើបបានជាត្រូវព្រនង់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈខេត្តនេះជាគោលដៅនៃការជួញដូរគ្រឿងញៀន ហើយជាខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍ផងដែរ។
ក្នុងកិច្ចប្រជុំនេះ សម្តេច ស ខេង បានមានប្រសាសន៍ថា “ចៅហ្វាយខេត្តណាខ្លះ ដែលមានវត្តមាន ជាពិសេសខេត្តគោលដៅនេះ ដែលដឹងខេត្តព្រះសីហនុមួយអត់មកទេ បើសិនជាចៅហ្វាយខេត្តលើកហេតុផលថា រវល់ណាស់ មិនអាចទៅប្រជុំសន្និបាតគ្រឿងញៀនបានទេ នេះហាក់មានន័យថា គាត់មិនបានផ្តល់នូវសារសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទេ ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះទេ”។
សម្តេចបន្តថា សម្តេចយល់អំពីការងាររបស់អភិបាលខេត្ត ហើយរាល់ថ្ងៃនេះ អ្នកណាក៏រវល់ដែរ ប៉ុន្តែត្រូវចេះឆ្លៀតពេល។ លើកលែងតែខេត្តនោះ ត្រូវបាននាយករដ្ឋមន្រ្តីអញ្ជើញទៅបំពេញការងារ ឬបើកកិច្ចប្រជុំអន្តរក្រសួង ឬកិច្ចប្រជុំពិសេសអន្តរជាតិនៅទីនោះ ទើបមិនអាចមកបាន ប៉ុន្តែខេត្តអត់មានសកម្មភាពប្រជុំអ្វីផង។
សម្តេចថា នៅថ្ងៃទី៩ កុម្ភៈខាងមុខ បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងចូលរួមបើកកិច្ចប្រជុំមួយអំពីការអភិវឌ្ឍខេត្តព្រះសីហនុ ព្រោះជាខេត្តគោលដៅ៕


