
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៨០០ លានយ៉េន (ប្រមាណ ៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិបឆ្នោត ព្រមទាំងសម្ភារចាំចាប់ដទៃទៀតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជា និយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព។ នេះជាការបញ្ជាក់នៃសេចក្តីជូនព័ត៌មានរបស់ក្រសួង។
