Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រឿងបន្តិចបន្តូចឈានដល់ការប្ដឹងផ្ដល់ដាក់ពន្ធនាគារនារីម្នាក់ បន្ទាប់ពីរងបណ្ដឹង​ពីឧកញ៉ាចិត្តធម៌ លោក ឌួង ឆាយ ពេលនេះធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងមានការរិះគន់ជុំវិញរឿងនេះ ដោយអ្នកខ្លះយល់ឃើញថា រឿងបន្តិចបន្តូច គួរណាស់សុំទោសបញ្ចប់រឿង ទើបជាការល្អ មិនគួរណា មានការប្ដឹងផ្ដល់ដាក់ពន្ធនាគារនោះទេ មិនតែប៉ុណ្ណោះធ្វើឲ្យពលរដ្ឋ និងអ្នកនយោបាយវ័យក្មេងចាត់ទុកថា ឧកញ៉ា ឌួង ឆាយ គឺជាឧកញ៉ាចិត្តធម៌ពណ៌ប្រផេះ។

ក្រៅពីផ្ដើមរឿងក្ដិចប្រដាប់ភេទកូនប្រុសឧកញ៉ា ឌួង​ ឆាយ អ្នកខ្លះបានប្រៀបធៀបកាលជំនាន់​លោក ឌួង​ ឆាយ តាំងខ្លួនជាអ្នកហំហាន​ធ្លាប់វាយ ធ្លាប់បាញ់ មិនរើសមុខឲ្យតែហ៊ានខ្លាំង ក្រោយមកប៉ះចំអ្នកខ្លាំង ធ្វើឲ្យ​ឧកញ៉ា ឌួង​ ឆាយ ជាប់ទោស ដេកពន្ធនាគារ នេះហើយដោយសារតែភាពចង្អៀតចង្អល់ និងភាពអំនួត ក្រោយមកលោក ឌួង ឆាយ ក៏បានប្រែក្លាយទៅជាមនុស្សថ្មី ដែលចិត្តធម៌ និងសណ្ដោសប្រណី ទើបតែលើកនេះ លោកបែរជាមិនលើកលែង។

អ្នកនយោបាយវ័យក្មេង បានប្រៀបធៀប និងចាត់ទុកលោកឧកញ៉ា ឌួង​ ឆាយ គឺជាឧកញ៉ាចិត្តធម៌ពណ៌ប្រផេះ លើសពីនេះអ្នកនយោបាយវ័យក្មេង លោក ពេជ្រ ស្រស់ បានលើកឡើងថា “លោកឧកញ៉ាភ្លេចហើយឬនៅ ដែលលោកឧកញ៉ា ក៏ធ្លាប់វាយតប់លើកូនប្រុសអ្នកដទៃដែរ កាលប៉ុន្មានឆ្នាំមុននោះ? ហើយមាននរណាខ្លះស្រែកថា អយុត្តិធម៌សម្រាប់​លោកឧកញ៉ា ដែលតុលាការកាត់ទោសឲ្យលោកឧកញ៉ាជាប់គុកនោះ”

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលតាំងខ្លួនជាគណបក្សប្រឆាំង បានសរសេរសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា “ពេលនេះ លោកឧកញ៉ាពេញចិត្តហើយមែនទេ ដែលឃើញនារីក្រីក្រម្នាក់ជាប់គុកតាមប្រាថ្នារបស់លោកឧកញ៉ានោះ..ពេលលោកឧកញ៉ាជាប់គុកមានមនុស្សជាច្រើនស្រែកថា វាមិនសម ឬជារឿងអយុត្តិធម៌ ដោយសារលោកឧកញ៉ាជាអ្នកមានស្តុក ក៏ប៉ុន្តែពេលនេះគ្មានជនណាម្នាក់ហ៊ានស្រែកជួយនារីត្រូវចោទនោះ​ទេ ដោយហេតុនារីត្រូវចោទជាអ្នកស៊ីឈ្នួលមើលថែកូនឲ្យគេ ហើយជាអ្នកក្រថែមទៀតផង។ នាងអើយទ្រាំតាមកម្មទៅ ពីព្រោះនៅពេលបច្ចុប្បន្ននេះ មានឧកញ៉ាចិត្តធម៌ពណ៌ប្រផេះច្រើនណាស់”

សូមបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ជួន​ សុរាសី​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ បាន​សម្រេច​ឃុំ​ខ្លួន​នារី​បម្រើ​ម្នាក់​ ឈ្មោះ​ អ៊ុំ សុផាន់ណា​ អាយុ​២៣ឆ្នាំ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ពី​ដំណើរ​រឿង​ក្តិច​ប្រដាប់​ភេទ​កូន​ប្រុស​ឧកញ៉ា ​ឌួង​ ឆាយ​ បណ្តាល​ឱ្យ​ហើម​ខុស​ប្រក្រតី​ បន្ទាប់ពី​​លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជនត្រូវចោទ អ៊ុំ សុផាន់ណា អំឡុងពេលចូលឆ្នាំចិន ត្រូវលោកឧកញ៉ា ឌួង ឆាយ ចាប់​ខ្លួន ប្រគល់ឲ្យ​សមត្ថកិច្ចខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរងចោទថា ប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗ​របស់ឧកញ៉ា ឌួង ឆាយ (ក្តិចប្រដាប់ភេទ)៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor