
ភ្នំពេញៈ អ្នកនាំពាក្យព្រឹទ្ធសភា បានអះអាងថា ច្បាប់រដ្ឋធម្មនុញថ្មី នឹងដាក់ទោសធ្ងន់ធ្ងរ ចំពោះបុគ្គលណាដែលធ្វើឲ្យបរទេសផ្តាច់ជំនួយ ឬមិនឲ្យទិញផលិតផលរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈការចែងបែបនេះ ដើម្បីការពារផលប្រយោជន៍ជាតិជាធំ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលដឹកនាំដោយសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា មាត្រា៤៩ និងមាត្រា៥៣ នៃវិសោធនកម្មច្បាប់រដ្ឋធម្មនុញ បានហាមដាច់ខាត់មិនឲ្យជនណាម្នាក់ ធ្វើអ្វីមួយដែលបង្កឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិនោះឡើយ។
លោកបញ្ជាក់ថា អំពើដែលធ្វើឲ្យខួចប្រយោជន៍ជាតិ រួមានការអំពាវនាវឲ្យបរទេសកាត់ផ្តាច់ជំនួយ ឬការស្នើណាមួយទៅបរទេសមិនឲ្យទិញទំនិញ ដែលផលិតដោយប្រជាជនកម្ពុជា ។
លោក ម៉ម ប៊ុនាង បានបញ្ជាក់ថា ច្បាប់ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ និងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌនេះ នឹងអនុម័តជាការប្រញ៉ាប់ឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខាងមុខនេះ ដើម្បីទប់ស្កាត់កុំឲ្យមានភាពអនាធិបតេយ្យ និងទប់ស្កាត់ការឃោសណាមួយ ដែលនាំឲ្យខាតផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកមិញនេះ បានកំណត់យកព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ស្អែកនេះ ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ ដែលមានរបៀបវារៈ ចំនួន៤រួមាន៖ ទី១-ពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ, ទី២-ពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ, ទី៣-ពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងទី៤-ពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕
