
ភ្នំពេញៈ នារីវ័យក្មេងស្រស់សោភាម្នាក់ បានសម្រេចចិត្តលោតចេញពីលើម៉ូតូទាំងភ័យលោះព្រលឹង ខណៈពេលរថយន្ត ឡិចស៊ីស បើកលឿនពេកមកដល់ផ្លូវចង្អៀតហើយ នៅមិនបង្អង់ល្បឿន ទើបជ្រុលចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យរងកាខូចខាតទាំងសងខាង។ គ្រោះថ្នាក់នេះ សំណាងល្អណាស់មិនបង្កឲ្យមានអ្នករងរបួស ប៉ុន្តែបែរជាអ្នករួមដំណើរក្នុងសភាពស្រវឹងទោទន់បញ្ចេញចរិតក្អេងក្អាងរករឿងអ្នកសារព័ត៌មាន និងសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៧៖៤០នាទីយប់ ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចទល់មុខ Koi Cafe ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ឡីចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9053 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរដោយបុរសវ័យចំណាស់ម្នាក់ទៀត និងនារី៣នាក់ទៀត ជិះខាងក្រោយ ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់មុខហាងជាចំណុចកើតហេតុខាងលើ ប្រហែលរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលរុញគូទម៉ូតូម៉ាក NEX ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-655 ដែលកំពុងធ្វើដំណើរស្របទិសគ្នា។ ភ្លាមនោះ នារីដែលជាអ្នកបើកម៉ូតូ ដោយមើលឃើញតាមកញ្ចក់ក៏ស្ទុះលោតចេញពីម៉ូតូ ហើយរថយន្តក៏ទៅបុកម៉ូតូដួលកៀបជាប់កាតាប៊ូ បណ្ដាលឲ្យរថយន្ត និងម៉ូតូខូចខាតបន្តិចបន្តួចដូចគ្នា មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពីកើតហេតុ ក្រុមអ្នកសារព័ត៌មានបានចុះមកដល់ និងនាំគ្នាផ្តិតយករូបភាពនៅកន្លែងកើតហេតុ ឃើញអ្នកបើករថយន្តបង្កបើកទ្វាររថយន្តចេញទៅនិយាយទូរស័ព្ទនៅលើចិញ្ចើមផ្លូវ ទើបក្រុមអ្នកសារព័ត៌មានបានធ្វើការសាកសួរបុរសម្នាក់ ជាអ្នករួមដំណើរក្នុងរថយន្ត ស្រាប់តែត្រូវបុរសម្នាក់នោះ ស្ថិតក្នុងស្ថានភាពស្រវឹងទោទន់ បានអះអាងទាំងអង្គុយក្នុងរថយន្តថា រថយន្តមិនខុសទេ។ លើសពីនេះ គាត់បានបើកទ្វាររថយន្តចេញមកស្រែករករឿងអ្នកសារព័ត៌មានទៀត ទាំងស្រវឹងទោទន់ខ្លួនទៅហើយ តែក្រុមអ្នកសារព័ត៌មានក៏មិនអ្នកណាខឹងគាត់ដែរ ព្រោះយល់ថា គាត់ស្រវឹង។

បន្តិចក្រោយមក នៅពេលម្ចាស់រថយន្តបានមកដល់កន្លែងកើតហេតុវិញ និងកំពុងនិយាយដោះស្រាយជាមួយសមត្ថកិច្ច និងម្ចាស់ម៉ូតូរងគ្រោះ ស្រាប់តែបុរសជាអ្នករួមដំណើរជាមួយបញ្ចេញចរិតក្អេងក្អាងទាស់ពាក្យសម្ដីគ្នាដល់ថ្នាក់ស្រែកជេរប្រមាថទៅលើសមត្ថកិច្ច និងចង់ស្ទុះទៅវាយសមត្ថកិច្ចចរាចរណ៍ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើលចូលមកជួយឃាត់ទាន់ ទើបបើកទ្វារចូលអង្គុយក្នុងរថយន្តវិញ ហើយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ ភាគីខាងម៉ូតូបានទារសំណងចំនួន៥០ដុល្លារប៉ុណ្ណោះ។ រីឯភាគីខាងរថយន្តមិនព្រម ក៏ទាស់ពាក្យសម្ដីគ្នាមួយសន្ទុះធំ ទើបសមត្ថកិច្ចជួយអន្តរាគមន៍សម្រួលឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ដោយលើកនេះ ម្ចាស់រថយន្តព្រមសងទៅខាងភាគីម៉ូតូចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕









