Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ អ្នកបើកបរម៉ូតូម្នាក់ បានដាច់ខ្យល់ស្លាប់ភ្លាមនៅក្នុងថ្លុកឈាម និងម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈម៉ូតូដាច់ជាពីកំណាត់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិលេខ៤។ គ្រោះថ្នាក់នេះ កើតឡើងនៅព្រលប់ថ្ងៃអាទិត្យ ៤រោជ ខែមេឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥៖៥០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AJ-៨១៥៤ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុះខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ ១BZ-៤៨៨៧ មានឌុបស្ត្រីម្នាក់ពីក្រោយ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបត់ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះពីក្រោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង។

ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ មិត ប៊ីន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឯស្ត្រីជិះពីក្រោយឈ្មោះ ស៊ិន ជីវ៉ា អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។ អ្នកបើកបរម៉ូតូ មានពាក់មួកសុវត្ថិភាពទាំងពីអ្នក និងមានដាក់កញ្ចក់មើលក្រោយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងធ្វើកំណត់ហេតុនៅកន្លែងកើតហេតុ ហើយយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor