
ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ដែលចេញមុខអះអាងថា ជាគ្រួសារលោក ជា សំអាន ប្រធានមន្ទីរពេទ្យ វិសាល សុខ បានទទួលស្គាល់ថា នាង ទូច ច័ន្ទរស្មី ហៅម៉ី ជាស្រីកំណាន់ម្នាក់ និងជាដៃគូរសហការ ចូលហ៊ុនជាមួយលោក ជា សំអាន ប៉ុណ្ណោះ មិនមែនជាគ្រួសារមួយផ្សេងទេ។
ការទទួលស្គាល់នេះ គឺបានបញ្ជាក់ក្នុងលិខិតបដិសេធដែលផ្សព្វផ្សាយក្នុងគណនីយហ្វេសប៊ុកឈ្មោះ Jelly Jelly កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងគោលបំណងបដិសេធពត៍មានមួយចំនួនពាក់ព័ន្ធនឹងប្រធានមន្ទីរពេទ្យវិសាលសុខប្តឹងប្រពន្ធ និងបងថ្លៃដាក់គុក ។
ក្នុងលិខិតនេះ ក៏បានបដិសេធដែរថា កូនស្រីអាយុ៤ឆ្នាំនេះ មិនមែនជាកូនលោក ជា សំអាន ទេ បើចង់ជាក់ច្បាស់ យកកូនស្រីនេះទៅពិនិត្យ DNA ដើម្បីបញ្ជាក់ការពិត។ប៉ុន្តែប្រភពពីសាច់ញាតិនាងរស្មីបានអះអាងថា កូនស្រីនេះ មានចុះបញ្ជីជាតិត្រឹមត្រូវដោយបញ្ជាក់ថា លោក ជា សំអាន ជាឪពុក និងនាង ទូច ច័ន្ទរស្មី ជាម្តាយ។
ការបញ្ជាក់ក្នុងលិខិតបដិសេធបែបនេះ រឹតតែបង្ហាញឲ្យឃើញថាលោក ជា សំអាន ប្រធានមន្ទីរពេទ្យ វិសាល សុខ កាន់តែល្បីខាងបុរសសម្បូរស្នេហ៍ អាចលេងល្បែងស្នេហ៍យ៉ាងប្រសេចប្រសាចបាន ពោលគឺលោកម្នាក់ឯង តទល់នឹងស្ត្រី៣នាក់ គឺភរិយាចំណាស់ ស្រីកំណាន់វ័យក្មេង និងស្រីក្មេងម្នាក់ទៀត ដែលជាដើមចមនាំឲ្យស្រីកំណាន់វ័យក្មេង យកកាតូទឹកជ័រវាយលោក ជា សំអាន បែកក្បាលអ៊ីចឹងទៅ។
ចំពោះរឿងនេះ តាមមតិដោយសារមានការទទួលស្គាល់បែបនេះ សាធារណជនយល់ឃើញថា លោក ជា សំអាន ពិតជាបានរស់នៅផ្ទះជាមួយនាង រស្មី ប្រាកដមែន ទោះជាក្នុងលក្ខណៈជាស្រីកំណាន់ក្តី ឬប្រពន្ធចុងក្តី ក៏មិនគួរបញ្ចប់មនោសញ្ចេតនាតាមរបៀបប្ដឹងចាប់ដាក់គុកដែរវាអាក្រក់មើលណាស់។
បុរសសម្បូរស្នេហ៍បែបនេះ គួរទុកផ្លូវដើរឲ្យគេផង ព្រោះបើដើរដល់ផ្លូវទាល់ច្រកគេនឹងហែកកកាយរឿងស្នេហ៍អតីតកាលរវាងលោក និងរូបនាងជាសាធារណៈនោះ នឹងធ្វើឲ្យប៉ះពាល់កិត្តិយសលោកជាមិនខានឡើយ។
ជាពិសេសពេលនាងជាប់គុកបានបន្សល់ទុកក្មេងៗកំព្រា៣នាក់ឲ្យរស់នៅកណ្តោចកណ្តែងគ្មានម្តាយចិញ្ចឹមបីបាច់ថែរក្សាឡើយ។ ដូច្នេះការរស់នៅវេទនាបែបណាទៅ?
យោងតាមប្រភពព័ត៌មានពីសាច់ញាតិនាង ទូច រស្មី ហៅម៉ី បានបញ្ជាក់បន្ថែមថា នាង ទូច ច័ន្ទរស្មី មានអាយុ៣៣ឆ្នាំ និងមានបងប្អូន៣នាក់ បងស្រីម្នាក់ និងបងប្រុសម្នាក់(ឈ្មោះ ទូច សុធា)។ នាង ទូចច័ន្ទ រស្មី ជាស្រ្តីមេម៉ាយមានកូន២នាក់ លុះពេលបានមករស់នៅលោក ជា សំអាន បានកូនម្នាក់ទៀត ពោលគឺសព្វថ្ងៃនាង ទូចច័ន្ទ រស្មី មានកូន៣នាក់ ហើយនាងជាកូន និងបងប្អូនកំព្រាគ្មាន៣នាក់ឪពុកម្តាយទីពឹងទេ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា កាលនាងនៅជាស្រី្តមេម៉ាយនាងចូលចិត្តលេង (តាំងហ្គោ) តាមរយៈសារអេឡិកត្រូនិច ក្នុងអំឡុងឆ្នាំ២០១៤ ក៏បានជួបបុរសម្នាក់គឺលោក ជា សំអាន តែងតែទាក់ទងសាសងគ្នារាល់ពេលយប់ផ្តើមចេញជាការទំនាក់ទំនងស្នេហាគ្នាលួចលាក់រហូតមកដល់ឆ្នាំ២០១៦ ក៏បានបានចេញមុខមករស់នៅជាមួយគ្នាជាប្តីប្រពន្ធបែបអនីតិសង្វាស។ នៅអំឡុងពេលនោះ នាងចេះតែរៀបរាប់ប្រាប់លោក ជា សំអាន ថា នាងចង់បើកកន្លែងរកស៊ីលក់ដូរមួយសមរម្យ ដើម្បីបានប្រាក់ចិញ្ចឹមកូន។ ពេលនោះ លោក ជា សំអាន បានផ្តល់លុយកាក់ឲ្យនាង ទូច រស្មី ជួលផ្ទះដែលមានទីតាំងនៅក្នុងបុរីសេវិនវិឡា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (កន្លែងកើតហេតុនេះ) បើកហាងលក់ទឹកដោះគោស្រស់។
លោក ជា សំអាន បានឲ្យបងប្រុសនាង ទូច ច័ន្ទរស្មី គឺឈ្មោះ ទូច សុធា ស្នាក់នៅបន្ទប់មួយ និងជួយមើលការខុសត្រូវដែរ ហើយលោក ជា សំអាន ក៏ចេញចូលរស់នៅជាមួយនាង ទូច រស្មី ដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ។ ការរស់នៅជាមួយគ្នានេះ នាង រស្មី បានកូន១ជាមួយលោក ជា សំអាន។ ប៉ុន្តែរយៈពេល១ឆ្នាំក្រោយមកនេះចំណងស្នេហាឥតខាន់ស្លានេះ ចេះតែមានភាពរកាំរកុះ និងឈ្លោះគ្នាញឹកញាប់គ្រាន់តែមិនធំដុំទេ។ លុះរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នាង ទូច រស្មី បានមកពីក្រៅដល់ផ្ទះ ស្រាប់តែឃើញប្តីរបស់នាងនៅក្នុងបន្ទប់ជាមួយស្រីក្មេងម្នាក់ ដែលនាងមិនបានស្គាល់ឈ្មោះទេ។ ប៉ុន្តែមានគេស្គាល់ថា ស្រីម្នាក់នោះឈ្មោះ ស្រីរ័ត្ន ជាពិធីការិនីទៀតផង។ ខណៈពេលប្រពន្ធឃើញប្តីយកស្រីមកដេកក្នុងបន្ទប់ក្នុងផ្ទះដូច្នោះ ក៏កើតជាជំលោះរវាងប្តី និងប្រពន្ធ ហើយពេលនោះ (ស្រីរ័ត្ន) បានរំដោះខ្លួនចេញបាត់ទៅ។
ពេលនាងឈ្លោះជាមួយប្តីដំបូង ប្តីនាងឆ្លើយបដិសេធថា នេះមិនមែនជាស្រីយកមកដេករួមភេទជាមួយគ្នាទេ គឺជាស្រីម៉ាស្សា ដែលគាត់ហៅមកឲ្យធ្វើសសៃឲ្យ។ ទោះជាយ៉ាងណា ប្តីប្រពន្ធបានទាស់សម្តីគ្នាកាន់តែតានតឹង និងស្រែកឡូឡាប្រវាយប្រតប់គ្នាពេញផ្ទះ។ ពេលនោះលោក ទូច សុធា ត្រូវជាបងបង្កើតនាង ទូច រស្មី ឮក៏ចេញពីបន្ទប់ឃើញហេតុការណ៍ដូច្នោះ ក៏ស្ទុះទៅឃាត់អ្នកទាំង២ និងបានទៅចាប់លោក ជា សំអាន ការពារខ្លាចប្រើអំពើធ្ងន់ធ្ងរណាមួយទៅលើប្អូនស្រី។ ស្របពេលលោក ទូច សុធា ចាប់ដៃលោក ជា សំអាន ជាប់ នាង ទូច រស្មី ស្ទុះទៅទាញបានកាតូទឹកជ័រសម្រាប់ស្រោចផ្កា វាយទៅលើក្បាលប្តីបណ្តាលឲ្យបែកឈាមដេរ៣-៤ថ្នេរតែម្តង។
ពាក្យពេជន៍ដែលសាច់ញាតិនាង រស្មី បានរៀបរាប់ខាងលើនេះ គឺពួកគាត់បានមកពីសម្ដីផ្ទាល់មាត់របស់នាង រស្មីដែលបានឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ ដោយមានមេធាវីការពារក្តីអង្គុយស្តាប់ទៀតផង៕


