
ប្រជាពលរដ្ឋបានដឹកភោគផលនៃផ្លែត្រសក់យកទៅចាក់ចោលដូចសំរាមទាំងឡានៗ បន្ទាប់ពីពួកគាត់ខំប្រឹងដាំដុះអស់រយៈពេលរាប់ខែលុះពេលប្រមូលផលបែរជាគ្មានទីផ្សារទៅវិញ ដោយសារតែភោគផលត្រសក់វាមានច្រើនលើសលប់រហូតគ្មានអ្នកទិញ ឬក៏មានដែរតែក្នុងតម្លៃថោកបំផុត ដែលស្ទើរតែមិនអាចទទួលយកបាន។ នេះបើយោងតាមការចុះផ្សាយរបស់នគរបាលជាតិ។
ប្រជាពលរដ្ឋដែលរស់នៅលើទីទួលប្រាសាទក្នុងភូមិសាស្ត្រ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដែលជាអ្នកប្រកបមុខរបរដាំដំណាំទៅតាមរដូវ បានលើកឡើងថា សព្វថ្ងៃក្រៅពីមុខរបរធ្វើស្រែ គឺពួកគាត់តែងតែនាំគ្នាដាំដំណាំផ្សេងៗទៅតាមរដូវ ដូចជា ខាត់ណា ម្រះ និង ត្រសក់ជាដើមដើម្បីទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃ ។
ដោយឡែកនៅឆ្នាំនេះប្រជាកសិករ ដែលនៅលើទួលប្រាសាទ ភាគច្រើនបានប្រកបមុខរបរដាំដំណាំត្រសក់ដែលធ្វើអោយដំណាំនេះមានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែគ្មានទីផ្សារ ដោយសារតែការប្រមូលផលមានគ្រប់ទីកន្លែង ហើយព្រមៗគ្នា ដូច្នេះទើបធ្វើឱ្យផ្លែត្រសក់គ្មានតម្លៃ ។
បើតាមសម្តីរបស់ប្រជាកសិករដែលរស់នៅទីនោះបាននិយាយថា កាលពីមួយរយៈមុនយ៉ាងហោចណាស់ក៏តម្លៃត្រសក់ផ្អ អាចឡើងដល់ ៨០០ ឬ ១ ០០០ រៀលដែរ ក្នុង១គីឡូក្រាម ប៉ុន្តែ សព្វថ្ងៃនេះតម្លៃត្រសក់ផ្អនៅលើទីផ្សារគឺអាចចុះរហូតដល់៣០០ រៀល ក្នុង១គីឡូក្រាម ហើយក្នុងតម្លៃនេះស្ទើរតែរកអ្នកទិញមិនមាន ព្រោះងាកទៅខាងណាក៏ឃើញត្រសក់ដែរ វាច្រើនពេកបើទោះបីជាគេទិញយកទៅធ្វើជ្រក់ក៏ទុកមិនបានយូរដែរ ដូច្នេះទើបតម្រូវឱ្យអ្នកខ្លះសម្រេចចិត្តដឹកយកទៅចាក់ចោល ដោយសារតែគ្មានទីផ្សារ ។
គួរបញ្ជាក់ដែរថា ទួលប្រាសាទនេះមានផ្ទៃដីប្រមាណជិត ២ហិកតា ដោយមានប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរកសិកម្មប្រមាណ១០គ្រួសារ ដោយកន្លងមក តែងតែមានទំនាស់ជាញឹកញាប់ រហូតឈានដល់ការប្រើអំពើហិង្សាដាក់គ្នាថែមទៀត ដោយសារដីដែលពួកគេរស់នៅគឺជាអតីតដីរបស់មន្ទីរវប្បធម៌ ដូច្នេះគ្មានអ្នកណាកំណត់ប្លង់ដីរបស់ខ្លួនត្រឹមណានោះទេ ដែលជាដើមចមបង្កអោយមានទំនាស់រឿងព្រំដី រហូតដល់បច្ចុប្បន្ននេះ។


