ភ្នំពេញៈ លាន់សូរដូចរន្ទះ ផ្អើលទាំងរំលងអធ្រាត្រ បន្ទាប់ពីរថយន្តកុងតឺន័រធុនធំមួយគ្រឿង បើកបុកឡើងទ្រូងផ្លូវ រួចបុកបង្គោលភ្លើង និងរបាំងថ្មបណ្ដាលឲ្យខ្ទាចពេញផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចជិតស្ថានីយ៍បូមទឹកស្អុយ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ប្រាប់ភ្នាក់ងារ Cam Post ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រធុនធំមួយគ្រឿង ក្បាលពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-2057 ធ្វើតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ ក្នុងស្ថានភាពល្បឿលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរសង្ស័យងងុយគេងពេក ងោកមួយភាំងក៏ជ្រុលចង្កូតបុកឡើងទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងរបាំងដាក់ពុះចែកទ្រូងផ្លូវចំនួន៣កង់ តែសំណាងពុំបានបង្កឲ្យមានអ្នករងរបួសនោះទេ។ ចំណែកអ្នកបើកបរបានរត់គេខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ពេលក្រោយ៕




