Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សំណុំរឿងដីធ្លីនៅជាយក្រុងភ្នំពេញ​ ដែលផ្តើមជម្លោះរវាងឧកញ៉ា​ និងក្មួយបង្កើតនាយករដ្ឋមន្រ្តី​កាលពីឆ្នាំមុន​ ពេលនេះចាប់ផ្តើមឡើងកម្ដៅសារជាថ្មីម្តងទៀតហើយ​ រហូតធ្វើឲ្យរាលដាលដល់ប្រធានភូមិបាលខណ្ឌព្រែកព្នៅ​ និងមន្រ្តី៤រូប។

គិតមកទល់នឹងពេលនេះ មានរយៈពេលជិត១ឆ្នាំ​ហើយ ចាប់តាំងពីខែកក្កដា​ ឆ្នាំ២០១៧​មក​ ដែលជម្លោះដីធ្លីនៅខណ្ឌព្រែកព្នៅមិនទាន់ត្រូវបានបិទបញ្ចប់​ បើទោះបីជា​សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ា​ដែលពាក់ព័ន្ធ​ និងបញ្ជូនទៅកាន់តុលាការក៏ពិតមែន​ ប៉ុន្តែតុលាការមិនបានសម្រេចចោទ ឬផ្តន្ទាទោសនោះទេ​ ពោលគឺតុលាការបានដោះលែងឧកញ៉ា​ដែលពាក់ព័ន្ធជម្លោះដីធ្លីនោះ​ បន្ទាប់ពីក្មួយនាយកមន្រ្តី​ ​ឧកញ៉ា ព្រមទាំងពលរដ្ឋបានប្តឹង។

អ្វីដែលគេភ្ញាក់ផ្អើល និងចាប់អារម្មណ៍​ជាងនេះ​ ក្រោយកើតជម្លោះដីធ្លីរវាងអ្នកមាន និងអ្នកមានពេលនេះអ្នកដែលរងគ្រោះបំផុត​ គឺមន្រ្តីភូមិបាលដែលចុះវាស់វែងដីធ្លីនេះរហូតធ្វើឲ្យតុលាការក្រុងភ្នំពេញ​ បានកោះហៅ និងចោទប្រកាន់ប៉ុន្តែសម្រេចឲ្យនៅក្រៅឃុំ​។​ តែទោះជាបែបនេះក្តី​ មន្រ្តីភូមិបាលទាំងនោះបានចាត់ទុកថា​ ការសម្រេចរបស់តុលាការហាក់មិនសូវជាយុត្តិធម៌ ពោលគឺតុលាការគួរណាស់តែផ្តល់ភាពយុត្តិធម៌​ ត្រូវមានសាក្សី​ និងឯកសារឲ្យបានគ្រប់គ្រាន់​ទើបសម្រេចវិនិច្ឆ័យជាក្រោយ​។

ប្រធានភូមិបាលខណ្ឌព្រែកព្នៅ​ លោក ស៊ូ ស៊ីវុត្ថា នៅរសៀលថ្ងៃសោរ៍ ១០កើត ខែផល្គុន ឆ្នាំរកា ថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ​ បានប្រាប់អង្គភាពសារព័ត៌មាន​ Cam Post ថា​ លោកមិនបានពាក់ព័ន្ធនឹងការក្លែងឯកសារ ឬពាក់ព័ន្ធរឿងជម្លោះដីធ្លីនោះទេ​ ។

បុរសវ័យ៥០​ឆ្នាំ​ រូបនេះ​បានរៀបរាប់ទៀតថា​ លោកមិនមានអ្វីត្រូវប្តឹងបកវិញទេ​ ប៉ុន្តែលោកក៏មិនបដិសេធជុំវិញការកោះហៅរបស់តុលាការនោះដែរ​ ប៉ុន្តែលោកស្នើរសុំឲ្យមានយុត្តិធម៌​ ពីព្រោះលោក​ជាជនរងគ្រោះ​។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក​ សុិន​ វិរៈ​ បានសម្រេចឲ្យលោក​ ស៊ូ​ សុីវុត្ថា​ នៅក្រៅឃុំ​ បន្ទាប់ពីចោទពីបទ​ ក្លែងដោយអ្នកជំនាញ​ ប្រព្រឹត្តនៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៥៥១ នៃក្រមព្រហ្មទណ្ឌ។​

អង្គហេតុដែលនាំឲ្យមានការចោទប្រកាន់នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ខណៈដែលលោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅរូបនេះ បានចាត់មន្ត្រីរបស់ខ្លួនឈ្មោះ កែ ប៊ុនទូច ឈ្មោះ គ្រុយ ទាងលី ឈ្មោះ ហេង សុវណ្ណ និងឈ្មោះ ប៉ែន ទស្សនៈវិជ្ជា ចុះទៅណែនាំឈ្មោះ នុត រស្មី ជាមេការធ្វើរបង ឲ្យផ្អាកការដ្ឋានសាងសង់របងជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានឈ្មោះ សុខ ហេង ជាម្ចាស់ដី ) និងឲ្យឈ្មោះ នុត រស្មី ចូលរួមធ្វើកំណត់ហេតុ ស្តីពីការចុះពិនិត្យការដ្ឋានចាក់ដី និងធ្វើរបង។

ជាមួយគ្នានោះ លោក ស៊ូ ស៊ីវុត្ថា ដែលអ្នកជំនាញផ្នែកភូមិបាល បានធ្វើសេចក្តីបញ្ជាក់មួយ តាមរយៈលិខិតលេខ០៧៧របក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ផ្ញើទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រង់ទំព័រទី២ បន្ទាត់ទី៧ ដែលមានខ្លឹមសារថា (ឈ្មោះ នុត រស្មី បានមានប្រសាសន៍ថា បើមានបណ្តឹងពីបុគ្គលណាមួយ សូមឲ្យទៅដោះស្រាយនៅសាលាខណ្ឌព្រែកព្នៅ ហើយពួកខ្លួនពុំអាចផ្អាកសកម្មភាពបានទេ លុះត្រាតែសាលាខណ្ឌមកផ្អាក ទើបខ្លួនផ្អាកសកម្មភាពបាន)។

យោងតាមឯកសារពាក្យបណ្តឹង​ ដែលប្តឹងឧកញ៉ា​ សុខ​ ហេង​ ទាក់ទងនឹងជម្លោះដីធ្លី​នៅខណ្ឌព្រែកព្នៅ​ មានជនរងគ្រោះ៣នាក់​ ទី១.ឈ្មោះ​ លីវ​ សុខហួង​ ជាពលរដ្ឋ​ ទី២.ឈ្មោះ​ លឹម​ សុជាតិ​ ជាឧកញ៉ា​ និងទី៣​.ឈ្មោះ​ មាស​ រ៉ាវុធ​ ក្មួយនាយករដ្ឋមន្រ្តី​។

ក្រោយពីជម្លោះ​ និងទទួលពាក្យបណ្តឹង​ លោក​ ស៊ូ​ សុីវត្ថា​ កាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៧​ ក៏បានចេញសេចក្តីជូនដំណឹងដល់ឧកញ៉ា​ សុខ​ ហេង​ ដែលជាម្ចាស់សំណង់របង និងចាក់ដីនៅលើដីមួយកន្លែង​ ស្ថិតនៅផ្លូវបេតុង​ ភូមិចុងថ្នល់​ សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ​ ត្រូវផ្អាកការដ្ឋានជាបណ្តោះអាសន្ន ហើយត្រូវដោះស្រាយតាមផ្លូវច្បាប់ជាមួយម្ចាស់ដី​ ប្រសិនបើម្ចាស់សំណង់មិនអនុវត្តតាមសេចក្តីជូនដំណឹង​ នោះគឺម្ចាស់សំណង់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់​។​

ក្រោយពីពលរដ្ឋដែលជាជនរងគ្រោះបានប្តឹង​ទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ក៏បានបញ្ជាឲ្យចាប់ខ្លួនឧកញ៉ា សុខ​ ហេង​ និងបញ្ជូនទៅតុលាការតែម្តង​ ក្រោយមកតុលាការ​ក៏បានដោះលែងវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor