
អ្នកវិភាគលាក់មុខ សូរ សមយុទ្ធ (រហ្សសនាម អ្នកថែសួននិងឃ្វាលសេះ)បានលើកឡើងពីដំណើររឿងមុនការបង្កើតគណបក្សកែម ឡី ដែលត្រូវបានបង្កើតឡើងដោយ លោក កែម រិទ្ធិសិត ប្អូនប្រុសលោកបណ្ឌិត កែម ឡី ថា៖មានការសន្ទនាគ្នា៣ដង រវាងលោកមេទ័ពទេវតា និងប្អូនរបស់លោកបណ្ឌិត (កែម រិទ្ធិសិត)។
១/ គឺសួរនាំពីការសាងសង់ចេតិយ៍របស់សព ហើយនិងការជូនលុយ។ មានអ្នកគាំទ្រ មានអ្នករិះគន់។ អ្នកគាំទ្រថា ជាទង្វើបុណ្យ ចំណែកឯ អ្នករិះគន់ថា ជាអកុសល ព្រោះរកយុត្តិធម៌ឱ្យព្រលឹងមិនបាន ហើយបើចង់ជួយចាំបាច់ប្រកាស់ផ្សាយ ដែលនាំឱ្យប៉ះពាល់ភាពស្អាតស្អំរបស់លោកបណ្ឌិត និងរាជការ ធ្វើអ្វី។ ធ្វើក៏ខុស មិនធ្វើក៏ខុស មានតែព្រលឹងសពទេ ទើបដឹង។
២/ គឺសួរនាំដើម្បីឱ្យប្អូនរបស់លោកបណ្ឌិតទាក់ទងទៅភរិយារបស់លោកបណ្ឌិតនៅស្រុកថៃ ឱ្យត្រឡប់មករស់នៅខ្មែរវិញ ដោយសន្យាថា "នឹងមិនមានអ្នកណាធ្វើទុក្ខបុកម្នេញអ្វីឡើយ"។ មែនទែនទៅ បើសពនៅរស់ក៏មិនព្រមឱ្យត្រឡប់មកខ្មែរវិញឡើយ។ មនុស្សដែលស្លាប់បាត់ហើយ មានតែសង្ឃឹមអ្នកនៅរស់ អាចរស់នៅដោយមានក្តីសុខ មានសុភមង្គលតែប៉ុណ្ណោះ។
៣/ សួរនាំអំពីការបង្កើតមូលនិធិ កែម ឡី ហើយលើសពីនេះ ក៏មានការជូនគំនិតថា "បង្កើតត្រឹមមូលនិធិធ្វើអី បង្កើតបក្សតែម្តងទៅ"។ ដោយឡែក មូលនិធិ ជាគំនិតផ្តួចផ្តើមល្អដើម្បីបន្តការងាររបស់លោកបណ្ឌិតដែលចង់ជួយរាស្ត្រ ជួយនគរ ប៉ុន្តែបង្កើតបក្ស ដូចជាមិនមែនបំណងប្រាថ្នារបស់លោកឡើយ ព្រោះបើចង់ធ្វើបក្ស ម្លេះសមលោកបណ្ឌិតចូលរួមក្នុងរចនាសម្ព័ន្ធដឹកនាំរបស់បក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) តាំងពីថ្ងៃសមាជបាត់ទៅហើយ តែផ្ទុយទៅវិញ សូម្បីសមាជក៏លោកមិនចូលរួមផង លើសពីនេះលោកប្រធានជំរុំព្រះអាទិត្យថ្មី (កឹម សុខា) ធ្លាប់បបួលឱ្យចូលរួមក្នុងជីវភាពបក្សជារឿយៗ ហើយក៏មិនខុសគ្នាពីជំរុំទេវតាដែរ តែលោកមិនចូលព្រោះកុំឱ្យគេចោទថាជាជនលម្អៀងគំនិត។
ដោយមិនបន្តរឿងសន្ទនាគ្នា យើងនិយាយអំពីសេណារីយ៉ូលើគោក របស់គណបក្ស ដែលដាក់ឈ្មោះថា កែម ឡី។
១- យោងតាមច្បាប់គណបក្សនយោបាយថ្មី ដាក់ឈ្មោះបុគ្គលជាបក្សមិនបានទេ ប៉ុន្តែអ្នកណាទៅដឹង ស្រាប់តែរាជការគេលើកលែងករណីមួយនេះទៅ ដោយហេតុផលថាដើម្បីផ្តល់កិត្តិយសសព។ ឮបង្កើតភ្លាម ជំរុំទេវតាក៏ចេញសារអបអរសាទរភ្លាម។ ទីនេះទឹកដីនៃ អច្ឆរិយៈ។ ទីនេះ គឺកម្ពុជា។
២- ការបង្កើតគណបក្សនេះបាននឹងកំពុងធ្វើឱ្យក្នុងចំនោមបញ្ញវន្ត បែកគ្នាជាពីរ-បីក្រុម ព្រោះបញ្ញវន្តខ្លះយល់ថា មាន GDP ហើយ ខ្លះទៀតថាមាន CNRP ហើយ ខ្លះទៀតថាបង្កើតថែមមួយទៀតទៅក៏មិនអីដែរ ព្រោះទស្សនៈរបស់ពួកគាត់ គឺប្រជាធិបតេយ្យជាសួនផ្កា ផ្កាកាន់តែច្រើនមុខ កាន់តែល្អ។ ច្រើនជាងគិត ពីគោលដៅ ធ្វើឱ្យមានតុល្យភាពអំណាចក្នុងរាជការ គាត់គិតថា ឈ្នះមិនឈ្នះកុំខ្វល់ សំខាន់ឱ្យតែមានផ្កាថ្មី យកមកដាក់ក្នុងសួនមក។ ដូច្នេះយើងមានផ្កាច្រើន បានជាសួនមានដង្កូវ កណ្តូប និងចាប ហើយយើងនឹងបានសួនប្រជាធិបតេយ្យដ៏អស្ចារ្យមួយ តែកុំភ្លេចថា ទីបញ្ចប់មូលត្រឹមម្ចាស់ដី ជាគំនិតអ្នករៀនសូត្រ។
៣- បើទីបំផុត អ្វីៗមិនមានបញ្ហា ហើយគណបក្ស ដាក់ឈ្មោះលោកបណ្ឌិត កែម ឡី ទទួលបានការចុះឈ្មោះទទួលស្គាល់ពីក្រសួង និងចូលរួមការបោះឆ្នោតឆ្នាំ២០១៨ នោះ យ៉ាងតិច អាចបាន 1/3 នៃសំឡេងគាំទ្រទាំងអស់របស់ជំរុំព្រះអាទិត្យ។
៤- វិធីដោះស្រាយ ដូចមិនលំបាកទេ។ កូនសោ នៅនឹងភរិយារបស់លោកបណ្ឌិត កែម ឡី តែម្នាក់ប៉ុណ្ណោះ។
កំណត់សម្គាល់៖
១/ មនុស្សស្លាប់បាត់ហើយ ហើយចេះតែយកឈ្មោះមកដាក់នេះ ដាក់នោះ ដូចជាធ្វើបាបព្រលឹងសពពេកហើយ។
២/ ខុសគ្នាអំពីការបង្កើតគណបក្ស ព្រោះមូលនិធិ កែម ឡី គឺជាការចង់បាន និងការផ្តួចផ្តើមរបស់លោកបណ្ឌិត តាមរយៈការជួបប្រជុំគ្នាក្នុងចំនោមនិស្សិតបញ្ញវន្តដើម្បីស្រាវជ្រាវ ផ្សព្វផ្សាយរឿងសង្គម។
៣/ មនុស្សក្លាយជាសពហើយ ហើយនៅតែនាំគ្នាចាក់សព ចាក់ព្រលឹងមួយកាំបិតហើយ មួយកាំបិតទៀត ដូចជាព្រៃផ្សៃពេកហើយ។ អ្នកនយោបាយដើម្បីអំណាច។ គោលដៅច្បាស់លាស់លទ្ធផលកំណត់ពីវិធី ដូច្នេះប្រើមធ្យោបាយអ្វី មិនសំខាន់ អ្វីដែលសំខាន់គឺឈ្នះ-ឈ្នះ។
៤/ វីធីអស់នេះ ហាក់បាននឹងកំពុងតែបន្តបំផ្លាញនូវកេរ្តិ៍ឈ្មោះ របស់លោកបណ្ឌិត ម្តងបន្តិច ម្តងបន្តិចឱ្យសាប សូន្យ។