
ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងរឿងបង្កើតគណបក្សថ្មី (គណបក្ស កែម ឡី)ដែលបង្កើតឡើងដោយលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសសពលោកបណ្ឌិត កែម ឡី។
ព្រះអង្គបានចាត់ទុកការបង្កើតគណបក្សថ្មីនេះ យកឈ្មោះរបស់លោក កែម ឡី មកប្រើប្រាស់ថា ជាការបំផ្លិចបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះលោក បណ្ឌិត កែម ឡី តាមការចង់បានរបស់ជនមួយចំនួនដែលជាអ្នកនៅពីក្រោយក្នុងរឿងនេះ។
អតីតប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មានសង្ឃដីការថា៖ គេគ្រប់គ្នា គេមិនមែនសាច់ឈាម គេមិនមែនកើតពីផ្ទៃម្តាយជាមួយនឹងលោកបណ្ឌិត កែម ឡី ទេ ប៉ុន្តែគេខ្វាយខ្វល់នឹងការរក្សាការពារកិត្តិយស លោក បណ្ឌិត តែជាអកុសល ដូងខ្លេបមួយគ្រាប់នេះ បានតាមបំផ្លាញរហូតដល់ដំណាក់កាលចុងក្រោយ ហើយធ្វើឱ្យកិត្យានុភាពលោកបណ្ឌិត ក្នុងឆ្នាំ២០១៧ រាបដល់បាត បាត់កិត្តិយស លោកបណ្ឌិត កែម ឡី រលីង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពីការបង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឈ្មោះថា គណបក្ស កែម ឡី ក្នុងគោលបំណងយកទស្សនទានល្អៗរបស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា ហើយជាពិសេសការបង្កើតគណបក្សនេះ ស្របតាមច្បាប់គឺដើម្បីទប់ស្កាត់ដល់ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។
