Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ មន្ត្រីប៉ូលិសមួយក្រុម ដែលគេដឹងថា ជាមន្ត្រីនគរបាលបង្ក្រាបគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រងការចោទថា បានគំរាមបាញ់ និងទារលុយពីប្រជាពលរដ្ឋអ្នកដឹកឈើគ្រឿងធ្វើផ្ទះក្នុងតម្លៃមួយយ៉ាងច្រើន។ ប៉ុន្តែករណីនេះ សាម៉ីខ្លួនបដិសេធថា មិនមែនខ្លួនទេ ប្រហែលច្រឡំមនុស្សហើយ។ យ៉ាងណា ស្នងការរងខេត្ត បានអះអាងថា នឹងពិនិត្យមើលរឿងនេះ ដើម្បីដាក់ពិន័យមន្ត្រីក្រោមឱវាទ តាមវិន័យកងកម្លាំងនគរបាលជាតិ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Cam Post ប្រចាំខេត្តស្ទឹងត្រែង លោក លឹម ខេមរិន្ទ ឲ្យដឹងថា ក្រុមមន្ត្រីប៉ូលិសគ្រឿងញៀនមួយក្រុម ត្រូវបានប្រជាពលរដ្ឋអ្នកដឹកឈើគ្រឿងធ្វើផ្ទះតាមរថយន្តសាំយ៉ុង ចោទប្រកាន់ថា បានជំរិតទារលុយពីពួកគាត់ចំនួន២៥០ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ដោយប្រើពាក្យគំរាមបាញ់សម្លាប់ចោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៤៥នាទី យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូរលាងគ្រោះ ស្ថិតក្នុងភូមិអូរលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អ្នករកស៊ីដឹកឈើម្នាក់ សុំមិនបញ្ចេញឈ្មោះ ប្រាប់ភ្នាក់ងារយើងថា ពួកគាត់បានដឹកឈើគ្រឿងផ្ទះទាំងអស់នេះ យកទៅលក់នៅលើទីផ្សារខេត្តដទៃទៀត។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុ ដោយសារតែពួកគាត់មិនបានទូរស័ព្ទប្រាប់សមត្ថកិច្ចទាំងនោះ មុនពេលមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាក កាមរី គូថហើម មួយគ្រឿង ពណ៌សម្បកឪឡឹក ជិះមកស្ទាក់រថយន្តរបស់ពួកគាត់។ បន្ទាប់មក ក៏មានប៉ូលិសផ្នែកខាងគ្រឿងញៀនចំនួន២នាក់ ស្ពាយកាំភ្លើង AK មួយដើម ចេញមកពីរថយន្ត រួចទារលុយពីពួកគាត់ក្នុងតម្លៃមួយយ៉ាងច្រើន ដោយប្រើពាក្យសម្ដីគំរាមបាញ់។ លុះមួយសន្ទុះក្រោយមក ពួកគាត់បានសម្រួលគ្នា សុំត្រឹមតម្លៃ២៥០ដុល្លារវិញ។

បើតាមអ្នកដឹកឈើទាំងនោះ បានបញ្ជាក់ថា រថយន្តដែលសមត្ថកិច្ចនោះ ជិះមកឃាត់រថយន្តរបស់ពួកគាត់ម៉ាក កាមរី ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-1736 ដែលជារថយន្តរបស់មន្ត្រីប៉ូលិសម្នាក់ ឈ្មោះ សាម តុលា និងម្នាក់ទៀត រួមដំណើរជាមួយឈ្មោះ ខួច ដែលគាត់(អ្នកដឹកឈើ)ស្គាល់ថា ជាប៉ូលិសបង្ក្រាបគ្រឿងញៀន ហើយមានមេក្រុមម្នាក់ទៀត ឈ្មោះ ស៊ុ ចន្ទី ជិះរថយន្តម៉ាក កាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស (អត់ពន្ធ ប៉ុន្តែប្រើស្លាកលេខបុក) ជាអ្នកដឹកនាំក្រុម។

ពាក់ព័ន្ធការចោទប្រកាន់នេះ លោក ស៊ុ ចន្ទី បានទូរស័ព្ទសួរអ្នកយកព័ត៌មានយើង នៅព្រឹកថ្ងៃច័ន្ទម្សិលមិញថា រឿងហ្នឹងអ្នកណាប្រាប់អ្នកកាសែតក្នុងគ្រុប? ហើយលោកនិយាយយ៉ាងដូច្នេះថា “ខ្ញុំបានសួរទៅពួកអាក្មេងៗហើយថា មានបានយកលុយអត់? ពួកក្មេងៗថា បើប្រមូលលុយ១៥០០០០ម៉ឺន សម្រាប់ចាក់ប្រេង មាន”។ ប៉ុន្តែតែយ៉ាងណាក៏ដោយ លោកបដិសេធថា នៅយប់ដែលកើតរឿងនោះ គាត់មិនបាននៅទីនោះទេ គឺនៅក្នុងខេត្តទេ។

ចំណែកលោក សាម តុលា បានបំភ្លឺប្រាប់នៅថ្ងៃដដែលនេះថា គាត់ពិតជាប៉ូលិសប្រឆាំងគ្រឿងញៀនមែន ប៉ុន្តែករណីចោទថា លោកជំរិតទារលុយពីអ្នករកស៊ីដឹកឈើនោះ គាត់មិនដឹងទេ ប្រហែលច្រឡំមនុស្សហើយ។

ជុំវិញករណីខាងលើនេះ ស្នកការរងទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឧត្តមសេនីយ៍ត្រី សាន់ និមល បញ្ជាក់ប្រាប់ថា “រឿងហ្នឹងខ្ញុំអត់ទាន់ដឹងទេ ព្រោះខ្ញុំមកភ្នំពេញ។ ចាំមើលខ្ញុំត្រឡប់មកវិញសិន បើរឿងពិតមែន ខ្ញុំនឹងដាក់វិន័យដល់កងកម្លាំង តាមគោលការណ៍របស់ស្នងការ”។ ដោយឡែក រឿងកាំភ្លើង លោកក៏ឆ្លើយថា មិនទាន់ដឹងដែរ ចាំមើលគាត់ត្រឡប់មកវិញសិន។

ទោះជាបែបណាក្ដី ប្រជាពលរដ្ឋអ្នករកស៊ីដឹកគ្រឿងឈើបន្តិចបន្តួច បានសំណូមពរដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជាថ្នាក់ដឹកនាំកម្លាំងនគរបាលនោះ ជួយពិនិត្យមើលចំពោះមន្ត្រីខិលខូចក្រោមឱវាទមួយក្ដាប់តូចនេះផង ព្រោះកុំឲ្យខូចដល់មន្ត្រីនគរបាលផ្សេងទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor