Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឆ្លៀតពេលទំនេរចេញពីកន្លែងធ្វើការទៅហាត់ប្រាណ ដោយឆ្លងកាត់ស្តុបផ្សារដើមគរ។ នៅពេលដល់ស្តុបនោះ លោកបានក្រលេកមើលទៅលើផ្លូវ ឃើញជនពិការម្នាក់ ដើរសុំទាន ដែលលោកចំណាំបានថា គាត់ជាមនុស្សមានដៃជើងគ្រប់ទាំងអស់ តែតែងក្លែងធ្វើពិការ ម្តងជិះរទេះរុញ ម្តងវារលើដី ម្តងកាន់ឈើច្រត់ បោកបញ្ឆោតភ្នែក មហាជនដើម្បីសុំលុយជារៀងរាល់ថ្ងៃ។

ឃើញដូច្នេះធ្វើឲ្យលោកឧត្តមសេនីយ៍ នឹកទៅដល់បុរសសុំទានពីរនាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែឃាត់ខ្លួនកាលពី២ថ្ងៃមុន ព្រោះតែបានដើរសុំទានគេ យកលុយទៅទិញគ្រឿងញៀនមកអង្គុយគ្រលំភួយជក់ទាំងកណ្តាលថ្ងៃ លើសួនច្បារទីសាធារណៈយ៉ាងរំភើយ។ ដោយការព្រួយបារម្ភ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗទៀត។

ការពិតជាក់ស្តែង បុរសសុំទានម្នាក់នេះ ពិតជាមានដៃជើងគ្រប់គ្រាន់ បានសារភាពថា រាល់ថ្ងៃរូបគេ តែងដើរសុំទានដោយប្រើរូបភាពផ្សេងៗ ដូចជាអង្គុយលើរទេះឲ្យមនុស្សចាស់ ឬកូនក្មេងដើររុញ វារលើដី កាន់ឈើច្រត់ធ្វើពិការជើងម្ខាង ឬពរក្មេងតូច ដើរសុំលុយ ហើយយកទៅទិញគ្រឿងញៀនជក់។

ក្រោយពេលពិនិត្យឃើញបុគ្គលសុំទានម្នាក់នេះ ប្រើល្បិចបំភ័ន្តភ្នែកមហាជនដើម្បីបោកបញ្ឆោតយកលុយ ទៅទិញថ្នាំញៀនជក់យ៉ាងដូច្នេះ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីយកពួកគាត់ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវផ្សេងៗ ដល់គាត់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់។

ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ នៅតែផ្តាំផ្ញើជូនដល់បងប្អូនអ្នកធ្វើទានទាំងឡាយយកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម?

ឬគួរតែបង្វែរទាន ដែលតែងផ្តល់ឲ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរសជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិកា មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹងដែលប្រឹងរស់ដោយខ្លួនឯងមិនលើកដៃសុំទាន លោកយាយលោកតាព្រះសង្ឃក្នុងវត្តអារ៉ាម និងសិស្សក្រីក្រដែលតស៊ូរៀនសូត្រជាច្រើនទៀតប្រសើរជាង?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor