Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារតែរថយន្តធុនធ្ងន់ នៅតែបន្តចេញ ចូលរាជធានីភ្នំពេញខុសពេលវេលា និងខុសតម្រាយផ្លូវ បណ្តាលឲ្យ​កកស្ទះចរាចណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចណ៍នោះ រដ្ឋបាលរាជធានី បានដាក់ចេញជាវិធានការជាថ្មី ពោលគឺរថយន្តធន់ធ្ងន់ប្រភេទកុងតឺន័រ នឹងមិនត្រូវបានអនុញ្ញាតឲ្យ​ចេញចូលរាជធានីនៅពេលថ្ងៃឡើយ តែអាចធ្វើចរាចណ៍បាននៅពេលយប់ ជាមួយនឹងការកំណត់ពេលវេលាច្បាស់មួយ។

វិធានការថ្មីនេះបានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះហៅអាជ្ញាធរទាំង១២ខណ្ឌ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច មកប្រជុំនៅសាលារាជធានីកាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៨នេះ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យ​ដឹងក្រោយកិច្ចប្រជុំនេះថា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានផ្តោតសំខាន់លើការគិតគូពីបញ្ហាការចរាចណ៍របស់រថយន្តធុនធ្ងន់  ជាពិសេសគឺរថយន្តកុងតឺន័រ ដែលចរាចរចេញចូលលើផ្លូវរាជធានីភ្នំពេញយើងសព្វថ្ងៃ ក្នុងគោលបំណង កាត់បន្ថយការកកស្ទះចរាចណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចណ៍ ដែលកើតឡើងដោយសារតែរថយន្តធុនធ្ងន់ នៅតែចេញចូលរាជធានីភ្នំពេញខុសពេលវេលា និងខុសតម្រាយផ្លូវដែលយើងបានអនុញ្ញាតទីតាំង និងពេលវេលាមិនអនុញ្ញាតជូននោះ ។

លោកបន្តថា កន្លងមករថយន្តធុនធ្ងន់យើងធ្លាប់បានចេញជាប័ណ្ណចេញ ចូលក្រុង ក៏ប៉ុន្តែដោយការចង់សម្រួលទៅលើការងារនេះ គឺពិបាកក្នុងការតម្រូវប្រើប្រាស់ប័ណ្ណ ក៏ដូចជាកាត់បន្ថយភាពអសកម្មមួយចំនួន។ ដោយសារបញ្ហាការចេញប័ណ្ណនេះ រដ្ឋបាលរាជធានី បានបញ្ឈប់ការចេញប័ណ្ណ ក៏ប៉ុន្តែតម្រូវឲ្យ​តាមរថយន្តដឹកជញ្ជូនចេញចូលរាជធានីភ្នំពេញទាំងអស់ គោរពទៅតាមពេលវេលា និងតម្រាយផ្លូវ ដែលរដ្ឋបាលរាជធានីអនុញ្ញាតជូន។

លោកបន្តថា រាជធានីភ្នំពេញ បញ្ហាការកកស្ទះចរាចរណ៍បានកើនឡើងដោយសារការធ្វើចរាចរណ៍ខុសពេលវេលារបស់រថយន្តធន់ធ្ងន់ ដែលសំដៅទៅលើរថយន្តកុងត័នើនេះតែម្តង ទោះបីយើងមានដាក់ចេញគោលការណ៍ ដាក់ចេញនូវបំរាម និងយុទ្ធការណ៍អោយខាងសមត្ថកិច្ចយើងចុះត្រួតពិនិត្យ ករណីខុសពេលវេលា ធ្វើការឃាត់ទុក ក៏នូវតែមើលឃើញថា នៅមានក្រុមហ៊ុនមួយចំនួន ក៏ដូចជាម្ចាស់រថយន្តមួយចំនួននៅមិនរៀងចាល រហូតធ្វើអោយមានការកកស្ទះចរាចណ៍ ករណីខ្លះមាន រហូតដល់កើតមានគ្រោះថ្នាក់ចរាចណ៍ធ្វើឲ្យ​បាត់ជីវិតបងប្អូនប្រជាពលរដ្ឋថែមទៀតផង។

ក្នុងកិច្ចប្រជុំនោះ លោក អភិបាលរាជធានីក៏បានណែនាំទៅលើការងារមួយចំនួន ក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តធន់ធ្ងន់ប្រភេទកុងតឺន័រ នឹងមិនត្រូវបានអនុញ្ញាតអោយចេញចូលរាជធានីនៅពេលថ្ងៃនោះទេ គឺអាចចរាចណ៍បាននៅពេលយប់ ហើយកិច្ចការមួយចំនួនទៀតដែលត្រូវសិក្សាលំអិត ត្រូវបានប្រគល់អោយទៅលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីជាអ្នកដឹកនាំប្រជុំជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗផ្សេងៗ ដែលមានរថយន្តច្រើនដែលចរាចណ៍ធ្វើអាជីវកម្ម ប្រភេទរថយន្តកុងត័នើធំនេះ ដើម្បីពិភាក្សាគ្នា ក៏ដូចជាជូនដំណឹង ហើយនឹងណែនាំអោយក្រុមហ៊ុនទាំងអស់ នោះគោរពតាមការណែនាំរបស់អាជ្ញាធរដែលផែនការបានដាក់ចេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor