
កំពង់ចាមៈ ភ្ញៀវទេសចរណ៍បរទេស និងខ្មែរប្រមាណ៣១នាក់ ជិះលើរថយន្តក្រុងរបស់ក្រុមហ៊ុនភ្នំពេញ សូរិយា ដឹកអ្នកដំណើរ ភ័យព្រលឹងចុងសក់ ស្រែកស្លន់ស្លោទ្រហឹងពេញរថយន្ត ខណៈដែលកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានបុរសម្នាក់ ហក់មកប្រទាញដណ្ដើមយកចង្កូតរថយន្តពីអ្នកបើកបរ បណ្តាលឲ្យរថយន្តរេពេញផ្លូវ និងជ្រុលឡើងបុកសួនដាំស្មៅ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តក្រុងរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកអ្នកដំណើរ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-1863 បើកបរដោយឈ្មោះ ភុំ ភីណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តសៀមរាប។ ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ឈ្មោះ ជាម ជៀន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគោកមាន់ ឃុំតាសម ស្រុកអង្គរជុំ ខេត្តសៀមរាប សង្ស័យបែកថ្នាំ បានស្ទុះទៅទាញដណ្ដើមយកចង្កូតរថយន្តពីអ្នកបើកបរ បណ្តាលឲ្យរថយន្តរេពេញផ្លូវ និងជ្រុលបុកឡើងលើសួនដាំស្មៅ តែសំណាងល្អមិនមានអ្នករងរបួសទេ គ្រាន់តែមានការភិតភ័យ ព្រលឹងចុងសក់ ទាំងភ្ញៀវបរទេស និងខ្មែរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ សម្រួលចរាចរណ៍ និងឃាត់ខ្លួនជនបង្កសួរនាំ។
ដោយឡែកប្រពន្ធជនបង្កឈ្មោះ តឹម នីន អាយុ២៩ឆ្នាំ ដែលបានរួមដំណើរជាមួយគ្នា បាននិយាយថា ខ្លួន និងប្តី មានស្រុកកំណើត នៅខេត្តសៀមរាប ដោយជីវភាពខ្វះខាត ទើបបាននាំគ្នាមកស៊ីស្នួលគេធ្វើជាកម្មករសំណង់នៅភ្នំពេញ តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្តីរបស់ខ្លួន ហាក់ដូចជាមានអាការៈមិនស្រួលសោះ ចេះតែរវើរវាយទៀតផង ទើបសម្រេចចិត្តនាំគ្នាទៅស្រុកវិញ តែមិននឹកស្មានថា មានរឿងបែបនេះសោះ៕






