
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថ្លែងថា គ្មាននរណាអាចដឹកនាំប្រទេសកម្ពុជាជំនួសលោកបាននោះទេ ខណៈលោកថា លោកអាចដឹកនាំប្រទេសយ៉ាងតិច១០ឆ្នាំទៀត ក៏មិនទាន់ចាស់ពេកដែរ។ សម្តេចបញ្ជាក់ថា៖ ព្រោះអ្នកមិនទាន់មានលទ្ធភាពក្នុងការគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ។ អ្នកគឺគ្រាន់តែចេះបញ្ឆេះនូវសង្គ្រាម អ្នកត្រឹមតែចេះជេរ ចេះបញ្ចោរតែប៉ុណ្ណោះ តែអ្នកមិនទាន់ចេះគ្រប់គ្រងសូម្បីកូនបក្សមួយ ឬសមាគមមួយនោះទេ។
ហ៊ុន សែន យ៉ាងហោចណាស់មានបទពិសោធន៍រយៈពេល ៣៩ឆ្នាំ ធ្វើនាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំ ធ្វើ ១០ឆ្នាំទៀតវាឡើង ៤៣ឆ្នាំ វាមិនទាន់យឺតពេលទេ ហើយក៏មិនទាន់ចាស់ជ្រុលដែរ។ នេះគឺជាប្រសាសន៍របស់សម្តេច ហ៊ុន សែន។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច យល់ថា ក្នុងប្រទេសប្រជាធិបតេយ្យ ការដឹកនាំប្រទេសបាន ឬមិនបាន មិនអាស្រ័យតែលើនាយករដ្ឋមន្ត្រីតែម្នាក់នោះទេ ប៉ុន្តែ លោកថា វាអាស្រ័យទៅលើអំណាចទាំងបីដែលទទួលខុសត្រូវក្នុងការដឹកនាំរដ្ឋនោះ សម្រាប់លក្ខណៈសម្បតិ្តអ្នកដឹកនាំ វាអាស្រ័យទៅលើម្ចាស់ឆ្នោត។ នៅពេលដែលម្ចាស់ឆ្នោតគេគាំទ្រហើយ គឺដំណើរការដឹកនាំក៏មិនមានបញ្ហាអីដែរ ហើយការដឹកនាំមិនអាស្រ័យលើនីតិប្រតិបត្តិឯណា។ យើងមាននីតីប្បញ្ញាតិ ព្រោះខាងសភា ព្រឹទ្ធសភាអីហ្នឹង គេមានលក្ខណៈជួយទាំងអស់គ្នា។ ការដឹកនាំប្រព្រឹត្តិទៅល្អលុះត្រាតែអំណាចនីតិប្បញ្ញាតិ ប្រតិបត្តិ និងតុលាការ ដើរររលូនទន្ទឹមគ្នា វាស៊ីសង្វាក់គ្នា វារលូនហើយ។</p>





