Sponsor
រិទ្ធី

កាលពី​ថ្ងៃ​ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨​ លោក​ ជួន ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ច្រានចោល​ការ​រិះគន់​ដែល​ថា​កំណើន​ជនជាតិ​ចិន​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយនេះ​ ​បាន​បង្ក​ភាព​អសន្តិសុខ។​ លោក​ អះអាង​ថា​ ​ជនបរទេស​ដែលភាគ​ច្រើន​ជា​ជនជាតិចិនទាំង​នោះ​ ​មិន​បាន​បង្កផលប៉ះពាល់អវិជ្ជមាន​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ​​គ្រាន់​តែ​បាន​ប្រព្រឹត្តបញ្ហា​តូចតាច​។ ការ​អះអាង​នេះ​កើត​មាន​បន្ទាប់​ពី​ លោក​ ​យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​កាលពី​ចុង​ខែ​មករា​ ​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ដោយបញ្ជាក់ថា​ ​កំណើន​ជន​បរទេសដែលភាគ​ច្រើនជា​ជនជាតិ​ចិនក្នុងខេត្តព្រះ​សីហនុ​ ​កំពុងធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ​ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់។។

លោក​ឧត្តមសេនីយ៍​ទោ​ ជួន ណារិន្ទ ​បញ្ជាក់​ថា៖​ ផល​ដែល​វិជ្ជមាន​ដែល​ខ្ញុំ​ទទួល ខ្ញុំ​ជា​សមត្ថកិច្ច​នគរបាល​ ​ទី១​សន្តិសុខ​ដូច​អត់​ពាក់ព័ន្ធ​អី​ទេ។ ធម្មតា គ្រាន់តែ​ទាស់ទែង​គ្នា​តិច​តួចៗ​រវាង​គាត់ និង​គាត់​ហ្នឹង​ ​យើង​មក​អប់រំ​ ​ផ្សះ​ផ្សារ​ ​ហើយ​ពន្យល់​ពី​ផ្លូវ​ច្បាប់គាត់។​ ​អ៊ីចឹង ​គាត់​គោរព​ស្នងការ​ណាស់​ ​ខាង​សមត្ថកិច្ច។​ ​អញ្ចឹង​យើង​ណែនាំ​អំពី​ផ្លូវ​ច្បាប់។ ទី២​ ​ការ​បើកបរ​ ​វា​ចំនួន​តូច​ ​តែ​ឥលូវ​យើង​រឹត​បន្តឹង​ច្បាប់​អំពី​អ្នក​ដែល​គ្មាន​ប័ណ្ណ​បើកបរ​ ​មិន​អាច​កាន់​ដៃ​ចង្កូត​បាន​ទេ។​ ​សូម្បីតែខ្មែរ​យើង​ក៏​បើក​លឿនៗ​ដែរ គ្រប់​សមាសភាព។​ ​អញ្ចឹង​ទេ​យើង​កាត់​បន្ថយ​ទាំង​អស់​ ​រួម​ ​និយាយ​ឲ្យ​ចំ​ទៅ​គោរព​ច្បាប់​ ​មិន​ប្រកាន់​ពូជសាសន៍​ ​ពណ៌​សម្បុរ​ទេ។​

 

​បើ​តាម​របាយការណ៍​របស់​លោក​ ​យន្ត មីន​ ​ផ្ញើ​ជូន លោក ស ខេង កាល​ពី​ថ្ងៃទី២៤ ​ខែ​មករា​ កន្លង​ទៅ​ ​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​មាន​ភ្ញៀវ​ទេសចរណ៍​និង​វិនិយោគិន​ជា​ជនបរទេស​យ៉ាង​ច្រើន​ចូល​មក​ស្នាក់​នៅ ​និង​បណ្តាក់​ទុន​ក្នុង​ខេត្ត។​ ​លោកបន្ត​ក្នុង​របាយការណ៍នោះថា​ ​ជន​បរទេស​ដែល​មក​ស្នើ​សុំ​សៀវភៅ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​មាន​ជាង​៦​ពាន់​នាក់​ ​(៦,៣៨៥នាក់)​ ​ក្នុង​នោះ​ជនជាតិ​ចិន​មាន​ចំនួន​ជាង​៤ពាន់​នាក់​ ​(៤,៤៩៨​នាក់)​ ​ស្មើ​នឹង​ប្រមាណ​ជា​៧០​% នៃ​ជនបរទេស​ចំនួន​៦១​សញ្ជាតិ។

កាល​ពី​សប្តាហ៍​មុន​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​បាន​ប្រកាស​ប្រាប់​កុំ​ឲ្យ​ពលរដ្ឋមាន​ការ​ព្រួយ​បារម្ភ​អំពី​កំណើន​អ្នកវិនិយោគ​ចិន​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​ថា​ ​កម្ពុជា​នៅ​ខ្វះខាត​ធនធាន​មនុស្ស ដូច្នេះហើយ​បានជាត្រូវ​ការ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស។

បើ​តាម​អ្នក​ឃ្លាំ​មើល​សង្គម​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​បាន​លើក​ឡើង​ថា​ ​កំណើន​ជនជាតិ​ចិន​មក​ស្នាក់​នៅ​និង​ធ្វើ​ការ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ឲ្យ​មាន​ភាព​អវិជ្ជមាន​ច្រើន​ជាង​ភាព​វិជ្ជមាន​ ​និងបាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ ​និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​តាម​រយៈ​ការ​ដែល​ជនជាតិ​ចិន​ទាំង​នោះ​ចូល​មកធ្វើការ​ ​រកស៊ី​ ​និង​បើក​បនល្បែង​កាស៊ីណូ​ ​ព្រមទាំងបាន​ប្រើ​ពាក្យ​សម្ដី​អសីលធម៌ ​ស្រែក​ឡូឡា ​មិន​គោរព​ច្បាប់​កម្ពុជា​ជាដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor