
ភ្នំពេញៈ បុរសម្នាក់ ដែលជាអ្នករត់រ៉ឺម៉កកង់បី ខណៈកំពុងឈរជក់បារី នៅក្នុងហាងកាហ្វេមួយកន្លែង ក៏មានបុរសម្នាក់ទៀត ដែលស្គាល់គ្នាបានស្រែកថា ហុយផ្សែងបារីណាស់ រួចក៏ដើរមកយកជើងទាត់ដៃបុរសដែលកំពុងកាន់ជក់បារីនោះ និងវាយមួយសោម៉ូតូ បណ្ដាលឲ្យរងរបួសបែកក្បាល ហូរឈាមស្រោចពេញមុខ កាលពីវេលាម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ជា ផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួល សង្កាត់ព្រៃព្រីងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិអូរំពង់ ស្រុកបាទី ខេត្តតាកែវ។
បើយោងតាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលមុនកើតរឿងហិង្សានេះឡើង គឺគាត់បានឈរជក់បារី នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិកើតហេតុខាងលើ ស្រាប់មានបុរសម្នាក់ទៀត គាត់បានប្រាប់ទៅ(ជនរងគ្រោះ)ថា កុំឲ្យជក់បារីហុយផ្សែងណាស់ ហើយក៏យកជើងទាត់បារីឲ្យធ្លាក់ពីដៃ ពេលនោះគាត់(ជនរងគ្រោះ) ក៏យកអំបោសវាយជើង ស្រាប់តែគាត់យកសោម៉ូតូមកវាយត្រូវថ្ងាស់ បណ្តាលឲ្យហូរឈាមពេញផ្ទៃមុខតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ឲ្យជួយអន្តរាគមន៍ភ្លាមៗ លោក ថេង កុសល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ បានបញ្ជាកម្លាំងឲ្យទៅធ្វើការឃាត់ខ្លួនជនបង្ករបួសស្នាមមកធ្វើការសាកសួរនៅប៉ុស្តិ៍៕




